កីឡា

ក្រុមហ៊ុន VIP Sports Co., Ltd., បង្កើតកម្មវិធីឌីជីថលលក់សំបុត្រ សម្រាប់ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២

ដោយបានសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំក្នុងការរួមចំណែកក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣ ក្រុមហ៊ុន VIP Sports Co., Ltd. កំពុងដាក់ចេញ ការលក់សំបុត្រសម្រាប់ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ដោយរួមមានសមាជិកភាពប្រភេទផ្សេងៗគ្នាសម្រាប់ជ្រើសរើស។

‘VIP Sports Membership Registration and Ticket Sales’ conference on June 12. Kiripost/Seng Mengheng

yatt-malai

Yatt Malai

&

បោះពុម្ព​នៅថ្ងៃ​:

ព្រហស្បតិ៍, ១៣ មិថុនា ២០២៤ ០៨:១៩ - ០៨:១៩(GMT+7)

អាប់ដេតនៅថ្ងៃ:

សៅរ៍, ១៥ មិថុនា ២០២៤ ០៥:៣២ - ០៥:៣២(GMT+7)

~ ៣ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ប្រែសម្រួលជាខេមភាសាដោយ ម៉ី​ សេងហួរ

ក្រុមហ៊ុន VIP Sports Co., Ltd. កំពុងចាត់ចែងលើការរៀបចំ និងលក់សំបុត្រសម្រាប់ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ បន្ទាប់ពីបានគាំទ្រប្រតិបត្តិការសម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣។ ដោយផ្អែកលើបទពិសោធន៍របស់ខ្លួន ការរៀបចំរបស់ AMMA នឹងដំណើរការយ៉ាងរលូនល្អ នេះ​បើយោងតាម​ប្រសាសន៍ ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។

សម្រាប់ AMMA ដែលនឹងរៀបចំនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដា លោក ចំរើន មានប្រសាសន៍ថា «អ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកត្រូវបានផ្តល់ជូនជម្រើសដ៏ងាយស្រួល ក្នុងការទិញសំបុត្រដោយមានសុវត្ថិភាព និងទំនុកចិត្ត។ អតិថិជនគ្រាន់តែចុចទិញសំបុត្រតាមរយៈ https://vipsports.com.kh ជាគេហទំព័រដែលពួកគេទិញ [សំបុត្រ] រួចកក់កន្លែងអង្គុយរបស់ពួកគេ»។

សំបុត្រមានពីរប្រភេទ៖ សំបុត្រសម្រាប់កៅអី VIP មានតម្លៃចាប់ពី ៦០,០០០ រៀល (១៥$) ហើយកៅអីធម្មតាមានតម្លៃត្រឹមតែ ២០,០០០ រៀល (៥$)។ ព្រឹត្តិការណ៍នេះនឹងមានការតុបតែងតាមស្តង់ដាលំដាប់ពិភពលោក បំពាក់ដោយម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារជាច្រើន ដើម្បីធានាបាននូវបទពិសោធន៍ ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមទាំងអស់។

ហេតុអ្វីអ្នកគួរតែចុះឈ្មោះជាសមាជិក VIP Sport?

«រាល់ដំណើរការទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងតាមរយៈប្រព័ន្ធឌីជីថល ហើយមានគោលបំណងធ្វើឱ្យមានភាពប្រសើរឡើង និងទទួលបានការងារកាន់តែមានប្រសិទ្ធភាព ដូចដែល VIP Sports បានធ្វើក្នុងអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ជាមួយគ្នានេះ VIP Sports ក៏អនុញ្ញាតឲ្យអ្នកទាំងអស់គ្នាអាចចូលរួមជាសមាជិកបាន»។

លោក ចំរើន បានមានប្រសាសន៍ថា «អ្នកដែលចង់ក្លាយជាសមាជិក អាចទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេស បើពួកគេចាត់ទុកថា ជាសមាជិកល្អៗ ពួកគេអាចចូលទស្សនាគ្រប់ការប្រកួត AMMA មួយណាក៏បានក្នុងខែកក្កដាខាងមុខនេះ»។

លើសពីនេះទៅទៀត សមាជិកនឹងទទួលបានការបញ្ចុះតម្លៃនៅពេលទិញសំបុត្រ ក៏ដូចជាទិញទំនិញ វត្ថុអនុស្សាវរីយ៍ និងអំណោយផ្សេងៗ។ លោកបានបន្ថែមថា សមាជិកក៏នឹងមានឱកាសចូលរួមចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ផងដែរ។ ការចុះឈ្មោះចូលជាសមាជិក គឺមានគោលបំណងទាក់ទាញមនុស្សកាន់តែច្រើនក្នុងការលើកកម្ពស់ និងគាំទ្រវិស័យកីឡានៅកម្ពុជា។

លោក ចំរើន បញ្ជាក់​ថា គុណសម្បត្តិ​នៃ​ការ​ចូល​ជា​សមាជិក​គឺមិន​មែន​បញ្ចប់​ត្រឹមតែការទស្សនា AMMA ប៉ុណ្ណោះទេ។ សមាជិកភាពនេះនឹងមានប្រើបានសម្រាប់រាល់ព្រឹត្តិការណ៍ផ្សេងៗទៀតដែលរៀបចំដោយ NOCC រួមទាំង Asian Youth Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៩។

យោងតាមក្រុមហ៊ុន VIP Sports Co., Ltd. «សមាជិកទាំងអស់នឹងរីករាយជាមួយបទពិសោធន៍ពិសេសៗ ជាមួយនឹងព្រឹត្តិការណ៍សម្រាប់តែសមាជិកតែប៉ុណ្ណោះ ដោយរួមបញ្ចូលអត្ថប្រយោជន៍ផ្សេងៗទៀត។ ជាមួយគ្នានេះ នៅពេលពួកគេនឹងត្រូវបានទទួលស្គាល់ជាសមាជិក គឺអាច ចូលទៅកាន់វេទិកាសម្រាប់តែសមាជិកប៉ុណ្ណោះ និងទទួលបានការអត្ថប្រយោជន៍ផ្សេងៗទៀតសម្រាប់សមាជិកភាពរបស់ពួកគេ។»

អត្ថប្រយោជន៍នៃសមាជិកភាពរួមមានការផ្តល់ជូន VIP gateway និងការចូលប្រើប្រាស់ផ្តាច់មុខសម្រាប់អ្នកគាំទ្រនិងស្នេហាកីឡា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាដែលរៀបចំដោយ NOCC ព្រឹត្តិការណ៍មិនមែនកីឡា និងព្រឹត្តិការណ៍សហការផ្សេងទៀត។

តើធ្វើដូចម្តេចដើម្បីក្លាយជាសមាជិក?

នៅក្នុងសន្និសីទ 'ការចុះឈ្មោះសមាជិកភាពកីឡា VIP និងការលក់សំបុត្រ' តំណាងក្រុមហ៊ុនបាននិយាយថា ប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ VIP Sports Co., Ltd ចុចលើប្រអប់សមាជិក ហើយទិញយក ប្រភេទសមាជិកភាពដែលពួកគេចង់បាន។

Bronze Membership (40,000 រៀលក្នុងមួយឆ្នាំ) ផ្តល់ជូនការចូលរូមការប្រកួតព្រឹត្តិការណ៍ដើម្បីឈ្នះរង្វាន់ ជាមួយនឹងការបញ្ចុះតម្លៃ ៥% លើសំបុត្រចូលរួមព្រឹត្តិការណ៍ និងការចូលរួមក្នុងកម្មវិធីផ្សងសំណាងនៃកន្លែងអ្នកគាំទ្រដើម្បីឈ្នះរង្វាន់ជាច្រើនទៀត។

Silver Membership (200,000 រៀលក្នុងមួយឆ្នាំ) ផ្តល់ជូនការចូលទស្សនាការប្រកួតព្រឹត្តិការណ៍ដើម្បីឈ្នះរង្វាន់ និងកន្លែងអង្គុយ VIP និង VVIP នៅក្នុងព្រឹត្តិការណ៍សាធារណៈ ការប្រកួតកីឡា និងពិធីបុណ្យនានាដោយគិតថ្លៃអាស្រ័យបើមានការប្រកួត។ រាល់សមាជិកទាំងអស់ក៏អាចកក់សំបុត្ររាល់ព្រឹត្តិការណ៍បានមុនគេ មុនពេលសាធារណៈជនទូទៅធ្វើការកក់ ផងដែរ។

Gold Membership (400,000 រៀលក្នុងមួយឆ្នាំ)ផ្តល់ជូនការធានាបាននូវការចូលទស្សនា រាល់ការប្រកួតព្រឹត្តិការណ៍ដើម្បីឈ្នះរង្វាន់ផ្សេងៗ បូកបន្ថែម កន្លែងអង្គុយ VIP និង VVIP នៅក្នុង គ្រប់ព្រឹត្តិការណ៍សាធារណៈ, ការប្រកួតកីឡា និងពិធីបុណ្យនានាទាំងអស់​ ដោយគិតថ្លៃ អាស្រ័យលើមានព្រឹត្តិការណ៍កើតឡើង។ លើសពីនេះ រាល់សមាជិកទាំងអស់ក៏អាចកក់សំបុត្ររាល់ព្រឹត្តិការណ៍បានមុនគេ មុនពេលសាធារណៈជនទូទៅធ្វើការកក់ផងដែរ។

ក្រុមហ៊ុន VIP Sports Co., Ltd. បានគូសបញ្ជាក់ថា រាល់អត្ថប្រយោជន៍នៃសមាជិកភាពទាំងអស់ អាចមានការប្រែប្រួលដោយពុំបានជូនដំណឹងទុកមុនឡើយ ព្រោះតែកាលៈទេសៈពុំអាចដឹងមុនបាន។

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម