ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការអប់រំថ្មី ដើម្បីស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពទី៤
ក្រសួងអប់រំបានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងព័ត៌មានលើការអប់រំតាមអ៊ីនធឺណិតដែលបានធ្វើបច្ចុប្បន្នភាពនៅទូទាំងសាលារៀនចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា ដែលនេះជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់ក្នុងគោលបំណងកែលម្អប្រព័ន្ធអប់រំ


បោះពុម្ពនៅថ្ងៃ:
ច័ន្ទ, ១៨ វិច្ឆិកា ២០២៤ ០៤:០២ - ០៤:០២(GMT+7)
អាប់ដេតនៅថ្ងៃ:
ព្រហស្បតិ៍, ២១ វិច្ឆិកា ២០២៤ ០៩:១២ - ០៩:១២(GMT+7)
~ ៥ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:




ប្រែសម្រួលជាខេមរភាសាដោយ លី សុខណា
ក្រសួងកំពុងត្រៀមណែនាំប្រព័ន្ធគ្រប់គ្រងព័ត៌មានលើការអប់រំតាមអ៊ីនធឺណិត (EMIS) ដែលជាផ្នែកមួយនៃកំណែទម្រង់ដែលមានគោលបំណងលើកកម្ពស់ទិដ្ឋភាពអប់រំនៅកម្ពុជា។
សេចក្តីប្រកាសនៅលើគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានបង្ហាញគោលការណ៍ណែនាំប្រព័ន្ធ EMIS សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែវិច្ឆិកា។
ការចាប់ផ្តើមគំនិតផ្តួចផ្តើមនេះមានគោលបំណងដើម្បីប្រមូលទិន្នន័យអប់រំនៅសាលារៀនទូទាំងប្រទេស និងដើម្បីគាំទ្រគោលដៅទូលំទូលាយក្នុងការកែលម្អគុណភាព និងបរិយាបន្នការអប់រំ ដូចជា SDG4 ។ SDG4 (Sustainable Development Goal 4) ផ្តោតលើការធានាបាននូវការអប់រំប្រកបដោយគុណភាព និងសមធម៌ និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សទាំងអស់គ្នា។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យរបស់ក្រសួងអប់រំមិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយរបស់ គិរីផូស អំពីគំនិតផ្តួចផ្តើម និងការជះឥទ្ធិពលរយៈពេលវែងរបស់ប្រព័ន្ធគ្រប់គ្រងនេះនៅឡើយទេ គិតត្រឹមពេលចេញផ្សាយ។
EMIS ជំនាន់ទីបី នឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការកែលម្អត្រូវបានធ្វើឡើងលើប្រព័ន្ធអប់រំ ជាមួយនឹងមុខងារថ្មីៗរួមមានដូចជា ការកត់ត្រាទិន្នន័យសិស្សតាមថ្នាក់ ចំនួនថ្នាក់រៀន គ្រូបង្រៀន រួមទាំងបុគ្គលិកដែលមិនមែនជាគ្រូបង្រៀន និងអគារនៅគ្រប់កម្រិតសិក្សា។ ការធ្វើបច្ចុប្បន្នភាពនេះមានគោលបំណងជួយក្នុងការអនុវត្តឱ្យបាន «ស្តង់ដារសាលាគំរូ»។
ការគ្រប់គ្រងលើព័ត៌មានលម្អិតអំពីថ្នាក់រៀន តាមរយៈប្រព័ន្ធគ្រប់គ្រងព័ត៌មាននៃសាលានីមួយៗត្រូវបានព្យាករណ៍ថា នឹងអាចដោះស្រាយបញ្ហាជាច្រើនដូចជា កង្វះគ្រូបង្រៀន និងថ្នាក់រៀនដែលមានសិស្សច្រើនជាង ៥០នាក់ក្នុងមួយថ្នាក់ និងកត្តាផ្សេងទៀតដែលប៉ះពាល់ដល់គុណភាពសិក្សារបស់សិស្ស។
ប្រព័ន្ធនេះអនុញ្ញាតឱ្យស្ថាប័នអប់រំគ្រប់គ្រងព័ត៌មានតាមបែបឌីជីថលសម្រាប់គ្រប់គ្រងលើទិន្នន័យសិស្ស និងបង្កើតរបាយការណ៍ដូចជាការចុះឈ្មោះចូលរៀន ពិន្ទុ វត្តមានសិស្ស សិស្សដែលបានឡើងថ្នាក់ ឬឌុបថ្នាក់ ការផ្ទេរ និងការដកបេក្ខភាពជាដើម។
EMIS ជាកាតាលីករដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះ SDG4
ក្នុងចំណោមអត្ថប្រយោជន៍ជាច្រើនដែលរំពឹងទុកពីការពង្រឹងប្រព័ន្ធ EMIS វាក៏មានសក្តានុពលក្នុងការជំរុញការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះ SDG4។
លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានកត់សម្គាល់ថា៖«ប្រព័ន្ធគ្រប់គ្រងទិន្នន័យលើការអប់រំនេះ គឺជាប្រព័ន្ធទិន្នន័យមូលដ្ឋានចាំបាច់មួយ ដើម្បីប្រមូលទិន្នន័យលើការអប់រំសម្រាប់ប្រទេសទាំងមូល ទាំងក្នុងប្រព័ន្ធអប់រំសាធារណៈ និងឯកជន ដើម្បីមានទិន្នន័យព័ត៌មានក្នុងការវាយតម្លៃ ថាតើកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជាតាំងពីកន្លងមក បានឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឬអត់ ជាពិសេសគោលដៅទីបួននៃSDG»។
លោកបានបន្ថែមថា ព័ត៌មានដែលប្រមូលបានតាមរយៈប្រព័ន្ធនេះនឹងជួយអ្នកវិភាគលើការអប់រំ និងអ្នកបង្កើតគោលនយោបាយពិនិត្យមើលគុណភាព និងបរិមាណនៃសមិទ្ធិផលរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពទី៤។
ទោះជាយ៉ាងណាក៏ដោយ លោក ប៉ា ចាន់រឿន និយាយថា ឥទ្ធិពលវិជ្ជមាននៃប្រព័ន្ធគ្រប់គ្រងនេះនឹងអាស្រ័យលើកត្តាសំខាន់ៗមួយចំនួន។ «ដំបូងវាអាស្រ័យលើសមត្ថភាព និងលទ្ធភាពក្នុងការបញ្ចូលទិន្នន័យរបស់សាលានីមួយៗ គុណភាពនៃទិន្នន័យដែលបានបញ្ចូល និងជាពិសេសតម្លាភាព ភាពច្បាស់លាស់ និងភាពត្រឹមត្រូវនៃទិន្នន័យទាំងនោះ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ»។
លោកបានកត់សម្គាល់ថា ការអនុវត្តប្រព័ន្ធអាចបង្កបញ្ហាប្រឈមផងដែរ។ «ខ្ញុំជឿថា បញ្ហាប្រឈមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ អាចទាក់ទងនឹងកម្រិតនៃការយល់ដឹង និងសមត្ថភាពក្នុងការបញ្ចូលទិន្នន័យនៅតាមសាលានីមួយៗ ទោះបីជាខ្ញុំមិនដឹងពីរបៀបដែលក្រសួងអប់រំនឹងប្រមូល និងបញ្ជូនទិន្នន័យរបស់សាលានីមួយៗនៅក្នុងប្រព័ន្ធនេះក៏ដោយ»។
លោកបន្ថែមថា៖«ខ្ញុំក៏ជឿជាក់ថា តាមរយៈការបញ្ចូលទិន្នន័យនេះ ប្រសិនបើធ្វើបានត្រឹមត្រូវដោយតម្លាភាព និងគុណភាព ក្រសួងអប់រំនឹងដឹងពីស្ថានភាពរបស់សិស្ស ជាពិសេសសិស្សដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ សិស្សដែលមានពិការភាព និងសិស្សដែលប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ។ ក្រសួងអប់រំអាចដឹងចំនួនតួលេខពិតប្រាកដ ដែលអាចត្រូវបានអន្តរាគមន៍ដើម្បីបំពេញតម្រូវការជាក់ស្តែងឱ្យកាន់តែប្រសើរឡើង»។
លោក ហេង គីមគង់ សហស្ថាបនិកនៃវេទិកាអប់រំកម្ពុជា បាននិយាយថា មានបញ្ហាប្រឈមសំខាន់ៗជាច្រើនដែលប្រឈមមុខនឹងកំណែទម្រង់ប្រព័ន្ធអប់រំរបស់កម្ពុជា។ «ទីមួយ វាទាក់ទងនឹងហិរញ្ញវត្ថុដែលគាំទ្រកំណែទម្រង់នេះ ព្រោះខ្ញុំកត់សម្គាល់ឃើញថា កំណែទម្រង់ដែលយើងមានអាស្រ័យលើប្រាក់កម្ចីពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដូច្នេះ មូលនិធិនៅមានកម្រិតនៅឡើយ»។
លោកបានគូសបញ្ជាក់ថា ជំនួយពីដៃគូអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជា ADB ធនាគារពិភពលោក និង JICA បានរួមចំណែកក្នុងការពង្រឹងវិស័យអប់រំរបស់កម្ពុជា និងបង្កើនធនធានមនុស្ស និងជួយប្រទេសសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ទី៤។
«យើងក៏ខ្វះធនធានមនុស្សដើម្បីជួយរួមចំណែក និងអនុវត្តកំណែទម្រង់អប់រំនេះផងដែរ។ ទាំងនៅក្នុងក្រសួង និងនៅតាមសាលារៀននានា ហាក់ដូចជានៅតែមានគម្លាតនៅឡើយនៃធនធានមនុស្ស។ ទីបី វាជាប្រព័ន្ធគ្រប់គ្រងដែលគ្រប់គ្រងការអប់រំទូទៅ និងកំណែទម្រង់ការអប់រំ។ នៅពេលដែលប្រព័ន្ធគ្រប់គ្រងនៅមិនទាន់ពេញលេញ ហើយកម្លាំងមនុស្សនៅតែមានដែនកំណត់ កំណែទម្រង់ដែលមានប្រសិទ្ធភាពនឹងមានភាគរយជោគជ័យតិចជាងមុន»។
លោកបានគូសបញ្ជាក់ពីបញ្ហាជុំវិញការអនុវត្តកំណែទម្រង់នេះក្នុងបរិបទកម្ពុជា រួមមានដូចជា ឧបករណ៍បច្ចេកវិទ្យានៅមានកំណត់ និងការចូលប្រើអ៊ីនធឺណិតមិនគ្រប់គ្រាន់ ដែលអាចរារាំងការអនុវត្តប្រព័ន្ធគ្រប់គ្រងនេះប្រកបដោយប្រសិទ្ធភាពដូចជា EMIS ។
ភ្ជាប់គម្លាតអប់រំរបស់សិស្សដែលខ្វះខាត
គោលដៅចម្បងមួយរបស់ SDG4 រួមមានការកាត់បន្ថយភាពខុសគ្នាក្នុងការអប់រំ ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងលក្ខខណ្ឌនៃឱកាសអប់រំឡើយ។
តាមរយៈតម្រូវការព័ត៌មានលម្អិតរបស់សិស្សនៅក្នុងប្រព័ន្ធគ្រប់គ្រង ដូចជាទិន្នន័យលើសិស្សថ្មី សិស្សដែលបានឡើងថ្នាក់ សិស្សឌុបថ្នាក់ សិស្សជនជាតិដើមភាគតិច និងអ្នកដែលប្រឈមមុខនឹងបញ្ហាប្រឈមដូចជាពិការភាព និងកង្វះអាហារូបត្ថម្ភ ប្រព័ន្ធព័ត៌មានថ្មីនេះត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យក្រសួងអប់រំ នូវរូបភាពកាន់តែច្បាស់អំពីតម្រូវការ និងលក្ខខណ្ឌរបស់សិស្សដែលខ្វះខាត។
លោក ប៉ា ចាន់រឿន បានប្រាប់ គិរីផូស ថាទិន្នន័យរបស់ប្រព័ន្ធនឹងអនុញ្ញាតឱ្យក្រសួងមានអន្តរាគមន៍ ដែលមានគោលដៅច្បាស់លាស់ និងការគាំទ្រសមធម៌ដល់សិស្សដែលមានតម្រូវការ។
«វានឹងជួយប្រមូលព័ត៌មានពហុវិស័យសម្រាប់វិស័យអប់រំនៅកម្ពុជា ដែលនឹងផ្តល់ទិន្នន័យច្បាស់លាស់ជាងមុន ដើម្បីវាយតម្លៃសមិទ្ធិផល គម្លាតផ្សេងៗ អ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវដោះស្រាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងសាលានីមួយៗ»។
ដោះស្រាយបញ្ហាសុខភាព និងបរិស្ថានក្នុងការអប់រំ
ដោយទទួលស្គាល់ថា ការអប់រំដែលប្រកបដោយគុណភាពគឺលាតសន្ធឹងលើសពីថ្នាក់រៀន ហេតុដូច្នេះហើយ MoEYS កំពុងពង្រីកប្រព័ន្ធ EMIS ដើម្បីរួមបញ្ចូលការតាមដានទិន្នន័យលើកត្តាសំខាន់ៗទាក់ទងនឹងសុខភាព និងបរិស្ថាននៅក្នុងសាលារៀន។ យោងតាមសេចក្តីថ្លែងការណ៍មួយ បានឱ្យដឹងថា ប្រព័ន្ធ EMIS នឹងរួមបញ្ចូលការកត់ត្រាទិន្នន័យស្តីពីការទទួលបានទឹកស្អាត និងអនាម័យដូចជា ការសាងសង់បង្គន់ និងព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាសធាតុជាដើម។
ក្រៅពីដើរតួប្រព័ន្ធប្រមូលទិន្នន័យអប់រំ ការរួមបញ្ចូលរង្វាស់សុខភាព និងបរិស្ថានទាំងនេះតាមរយៈប្រព័ន្ធ EMIS នឹងដើរតួជាឧបករណ៍ដ៏ទូលំទូលាយមួយ ដើម្បីគាំទ្រដល់សុខុមាលភាពសិស្សានុសិស្សនៅក្នុងសាលារៀនកម្ពុជា។
ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំទូទៅទាំងអស់ ទាំងសាធារណៈ និងឯកជន បញ្ចូលទិន្នន័យ និងរៀបចំតារាងស្ថិតិ និងសូចនាករអប់រំសំខាន់ៗសម្រាប់ការប្រើប្រាស់ផ្ទៃក្នុង និងការទាញយកទិន្នន័យដើម្បីរៀបចំរបាយការណ៍។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ សាលាសាធារណៈទាំងអស់ត្រូវបានតម្រូវឱ្យកត់ត្រាព័ត៌មានរបស់សិស្ស ដូចជាសិស្សថ្មី សិស្សដែលបានឡើងថ្នាក់ សិស្សឌុបថ្នាក់ សិស្សជនជាតិដើមភាគតិច សិស្សដែលមានការលំបាក និងព័ត៌មានគ្រូ រួមទាំងឈ្មោះគ្រូ កម្រិតអប់រំ និងចំនួនឆ្នាំនៃបទពិសោធន៍អប់រំ ចាប់ពីឆ្នាំសិក្សា ២០២៤-២០២៥ នេះតទៅ។
ប្រព័ន្ធផ្សេងទៀតដែលបានដាក់ជាផ្នែកមួយនៃប្រព័ន្ធ EMIS រួមមានប្រព័ន្ធព័ត៌មានរបស់សាលា ប្រព័ន្ធព័ត៌មានភូមិសាស្ត្រសាលា និងការប្រមូលទិន្នន័យអប់រំដែលមានគុណភាព៕
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។