ទេសចរណ៍

កំណត់ត្រាថ្មីនៃចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២៤

ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក និងសំពះព្រះខែ អកអំបុកឆ្នាំនេះ ចំនួនភ្ញៀវជាតិក្នុងប្រទេសបានកើនឡើងដល់ជិត ៨លាននាក់ និងអន្តរជាតិមានចំនួន ៩ម៉ឺននាក់។ ចំនួនដ៏ច្រើនក្រាស់ក្រែលនេះភាគច្រើនត្រូវបានទាក់ទាញដោយការប្រណាំងទូកដ៏ពេញនិយម និងសកម្មភាពជាហូរហែដូចជា ពិធីបណ្តែតប្រទីប និងសំពះព្រះខែជាដើម

photo_2024-11-17_14-40-27

PichBormey

Chhim PichBormey

&

បោះពុម្ព​នៅថ្ងៃ​:

ច័ន្ទ, ១៨ វិច្ឆិកា ២០២៤ ០៣:៤៩ - ០៣:៤៩(GMT+7)

~ ២ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ប្រែសម្រួលជាខេមរភាសាដោយ ចុង​ ស៊ីវភីង

របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅទូទាំងប្រទេសកើនឡើង ២១ភាគរយ (ភ្ញៀវជាតិ) និង ២៨ភាគរយ (ភ្ញៀវអន្តរជាតិ) ធៀបនឹងពិធីបុណ្យអុំទូកកាលពីឆ្នាំមុន។ ភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៧,៨លាននាក់ និងភ្ញៀវទេសចរអន្តរជាតិ ៩ម៉ឺននាក់បានមកទស្សនាពិធីបុណ្យនៅចន្លោះថ្ងៃទី១៤ និង ទី១៦ ខែវិច្ឆិកាឆ្នាំនេះ។

កម្មវិធីសំខាន់ៗចំនួនបីរួមមាន ការប្រណាំងទូក ការអណ្តែតប្រទីប និងពិធីអកអំបុក សំពះព្រះខែ ត្រូវបានប្រារព្ធឡើងជាលើកទីពីរ បន្ទាប់ពីខកខានអស់រយៈពេល ៣ឆ្នាំ ដោយសារវិបត្តិកូវីដ១៩ និងកិច្ចប្រជុំកំពូលអាស៊ាន។

ពិធីបុណ្យរយៈពេលបីថ្ងៃក្នុងឆ្នាំនេះ មានការបង្ហាញទូកចំនួន ៣៤៦គ្រឿង មកពីបណ្តាខេត្តនានាទូទាំងប្រទេស ដែលមានកីឡាករប្រណាំងទូកជាង ២ម៉ឺននាក់ចូលរួមប្រកួតប្រជែង ព្រមទាំងមានក្បួនបណ្តែតប្រទីបធំៗចំនួន ៣៦ផងដែរ។

បើតាមលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជធានីខេត្តចំនួន ៥ មានភ្ញៀវទេសចរច្រើនជាងគេក្នុងអំឡុងពេលពិធីបុណ្យបីថ្ងៃនេះរួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ ប៉ៃលិន និងកំពត។ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៦លាននាក់ ដែលជាចំនួនខ្ពស់ជាងគេក្នុងចំណោមគោលដៅទាំង៥។

ទិន្នន័យដដែលក៏បានបង្ហាញផងដែរថា មនុស្ស ៣,៥លាននាក់បានចូលទស្សនាពិធីបុណ្យនេះនៅថ្ងៃចុងក្រោយ។

លោក តុប សុភ័ក បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ដែលរៀបចំឡើងក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិតជាដំណើរការល្អ និងធានាបាននូវការការពារភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ខណៈសណ្តាប់ធ្នាប់សាធារណៈក៏ល្អផងដែរ ដូច្នេះគ្មានបញ្ហាអ្វីជាចម្បងនោះទេ»។

លោកក៏បានកត់សម្គាល់ផងដែរថា ការប្រណាំងទូកដ៏ល្បីគឺជាកត្តាមួយដែលទាក់ទាញមនុស្សឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំយ៉ាងល្អក្នុងឆ្នាំនេះ ដោយរួមបញ្ចូលសកម្មភាពជាច្រើន ដូចជាការតាំងពិព័រណ៍ និងការប្រគុំតន្ត្រីសម័យ និងបុរាណ។ ជាពិសេស អាកាសធាតុក៏អំណោយផលផងដែរ។

លោក តុប សុភ័ក បានចែករំលែកថា ហេតុផលមួយទៀតដែលនៅពីក្រោយកំណើននៃភ្ញៀវទេសចរ គឺដោយសារតែសន្តិសុខល្អ ដែលធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍សុវត្ថិភាព ដែលអនុញ្ញាតឱ្យពួកគេរីករាយនឹងពិធីបុណ្យដោយមិនមានការភ័យខ្លាច។ គួរជម្រាបផងដែរថា មន្ត្រីប៉ូលិសប្រមាណ ១៦០០០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យដ៏ធំមួយនេះ៕

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម