ធនាគារ ហិរញ្ញវត្ថុ

ទេសាភិបាលធនាគារជាតិនៃកម្ពុជាជំរុញឱ្យធនាគារបង្កើនសកម្មភាពប្រឆាំងនឹងការឆបោកផ្សេងៗ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា កំពុងធ្វើការអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ឱ្យដោះស្រាយរាល់បណ្ដឹងរបស់អតិថិជន និងរារាំងការវាយប្រហារតាមអ៊ីនធឺណិត និងដើម្បីពង្រឹងប្រព័ន្ធការពារ ស្របពេលដែលមនុស្សជាច្រើនឡើងកំពុងប្រើប្រាស់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថលនេះ

Chea Serey, Governor of NBC, spoke at the ceremony. Kiripost/Siv Channa

mao-sreypich

Mao Sreypich

&

បោះពុម្ព​នៅថ្ងៃ​:

ច័ន្ទ, ២០ ឧសភា ២០២៤ ១៣:៣៣ - ១៣:៣៣(GMT+7)

អាប់ដេតនៅថ្ងៃ:

ពុធ, ២២ ឧសភា ២០២៤ ០៧:៣៥ - ០៧:៣៥(GMT+7)

~ ៣ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សេរី បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្តល់អាទិភាពដោះស្រាយរាល់ពាក្យ បណ្តឹងរបស់អតិថិជន និងពង្រឹងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត (cyberattacks) ស្របពេលដែលប្រតិបត្តិនៃការទូទាត់តាមប្រព័ន្ធឌីជីថលបានកើនឡើង រហូតដល់ទៅ ៥៩.៨ % ដែលស្មើនឹង ១.៨ ពាន់លានប្រតិបត្តិការនៅឆ្នាំ២០២៣នេះ។

ការលើកឡើងនេះ គឺនៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣» នៅថ្ងៃទី២០ ខែឧសភា កន្លងទៅនេះ។ លោកស្រីបានបន្ថែមទៀតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ គួរតែបង្កើនការយល់ដឹងដល់អតិថិជនរបស់ខ្លួនអំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់ប្រកបដោយសុភនិច្ឆ័យ និងការទទួលខុសត្រូវ។

លោកស្រីបានមានប្រសាសន៍ថា៖ «យើងបានកត់សម្គាល់ឃើញថា មានការឆបោក ជាច្រើននៅលើប្រព័ន្ធទូទាត់ឌីជីថលនាពេលថ្មីៗនេះ ហើយមនុស្សមួយចំនួនកំពុង ប្រើប្រាស់វាដោយមិនត្រឹមត្រូវ ដោយសារវាជាសេវាកម្មថ្មី។ ដូច្នេះ វាអាចជាងាយស្រួល ប៉ុន្តែមានហានិភ័យ»។

លោកស្រីបាន​បញ្ជាក់​ថា គ្រប់​ស្ថាប័នទាំងអស់គួរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់លើ​ចំណុច ​ទាំងអស់​នេះ។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបាន​កត់សម្គាល់ថា ការប្រើប្រាស់ប្រព័ន្ធទូទាត់ តាមអេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសបន្ទាប់ពីជំងឺ Covid-19 បានស្ងប់ស្ងាត់ទៅ ដោយមានការកើនឡើងចំនួនប្រតិបត្តិការជាច្រើនតាមរយៈ ប្រព័ន្ធបាគង និងប្រព័ន្ធ KHQ។

លោកស្រីបានមានប្រសាសន៍ទៀត​ថា​៖ «​ការរួម​ចំណែកនេះ​បានធ្វើអោយបរិយាកាស​ ហិរញ្ញវត្ថុមានការប្រសើរឡើង និង​ជួយសម្រួល​ដល់ការធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការផ្ទេរប្រាក់ជា​អន្តរជាតិបានផងដែរ»។

យោងតាមរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ បានបង្ហាញថា ចំនួនសរុបរាល់ប្រតិបត្តិការទូទាត់តាមបែបឌីជីថលបានកើនឡើង ៥៩.៨ % ស្មើនឹង ១.៨ ពាន់លានប្រតិបត្តិការក្នុងឆ្នាំ២០២៣។ បើគិតពីទំហំទឹកប្រាក់សរុបនៃការទូទាត់តាម បែបឌីជីថល ត្រូវបានគេរាយការណ៍ថាមានចំនួន ២,០២១.៣ ពាន់ពាន់លានរៀល (៤៩១.៨ ពាន់លានដុល្លារ) ដែលជាការកើនឡើង ២៤.២ % ដែលជិតសើ្មនឹង១២ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) ។

នៅឆ្នាំ២០២៣ ចំនួនប្រតិបត្តិការទូទាត់សរុបតាមរយៈប្រព័ន្ធបាគង បានកើនឡើង ២.៧ ដង ស្មើនឹង ៣០២.០ពាន់លានរៀល (៧៨.៥ពាន់លានដុល្លារ) ដោយក្នុងនោះ ប្រាក់រៀលមានចំនួន២៦.៨ ភាគរយ។ ទន្ទឹមនឹងនេះដែរ ចំនួនប្រតិបត្តិការបាគង បានកើនឡើងប្រាំដង ដែលស្មើនឹង ២០០.៩ លានប្រតិបត្តិការ ហើយចំណែកនៃ ប្រាក់រៀលបានកើនឡើងដល់ ៣៤.២ភាគរយ។

របាយការណ៍នេះបានឲ្យដឹងថាប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគង និងកូដ QR មានការកើនឡើងគួរឲ្យកត់សម្គាល់ ទន្ទឹមនឹងនេះ វាជាការរួមចំណែកក្នុងលើក កម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរផងដែរ។

លើសពីនេះទៅទៀត ធនាគារជាតិនៃកម្ពុជាបានបង្កើតការតភ្ជាប់ការទូទាត់ឆ្លងព្រំដែន ជាមួយប្រទេសផ្សេងទៀត និងច្រកទ្វារទូទាត់អន្តរជាតិនៅក្នុងតំបន់ ក្នុងគោលបំណង ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យស៊ីជម្រៅបន្ថែមទៀត ក៏ដូចជាការ

លើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណជាតិនៅក្នុងតំបន់ផងដែរ។

លោក រ័ត្ន សោភ័ណ្ឌ ជាប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់គួរតែពង្រឹងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ស្របពេលនឹងកំណើននៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល និងងការវាយប្រហារតាមអ៊ីនធឺណិត (cyberattacks)។

លោកបានបន្ថែមទៀតថា នេះគឺរឿងចាំបាច់ណាស់ដើម្បីរក្សាស្ថិរភាពក្នុងការទប់ស្កាត់ពី ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីបញ្ហាឌីជីថលគ្រប់បណ្តាអ្នកប្រើប្រាស់ទាំងអស់។

លោក​បន្តទៀត​ថា​៖ «​ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងអស់នេះបាន វា​ទាមទារ​ឱ្យ​គ្រប់ភាគី​ ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ទាំងអស់គ្នា គ្រប់ស្ថាប័ន​ហិរញ្ញវត្ថុ និង​អ្នក​ប្រើប្រាស់ទាំងអស់​។ ប្រសិនបើអ្នកប្រើ មិនបានយល់ដឹងអោយបានច្បាស់ ឬមិនបានប្រើវាឱ្យបាន ត្រឹមត្រូវទេនោះ ឧក្រិដ្ឋជនក៏អាចឆបោកអ្នកប្រើប្រាស់ទាំងអស់បានផងដែរ​។ ដូច្នេះហើយ យើង​ត្រូវ​តែ​បង្កើនការប្រុងប្រយ័ត្នខ្ពស់ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់»។

លោក​បាន​បន្ថែមទៀត​ថា សមាគម​បាន​បង្កើត​យន្តការ​មួយ​ដើម្បី​ដោះស្រាយ​កង្វល់​អំពី​ ការទូទាត់សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល។

លោក​បាន​កត់​សម្គាល់​ថា​៖ «​អតិថិជន​អាច​លើក​យក​បញ្ហា ​ជាមួយ​ធនាគារ​ណា​មួយ ​ដែល​ពួកគេ​បានប្រើប្រាស់ ហើយ​ប្រសិនបើ​ពួកគេ​មិន​ពេញចិត្ត​នឹង​ដំណោះស្រាយ​នោះ​ទេ ពួកគេ​អាច​​ទៅ​ពិគ្រោះជាមួយសមាគម​ធនាគារ​ ព្រោះសមាគមមាន​មជ្ឈមណ្ឌល​មួយសម្រាប់​ជួយ​អតិថិជនក្នុងការ​ដោះស្រាយ​បញ្ហា​ផងដែរ​»​។

លោក សោភ័ណ្ឌ បញ្ជាក់បន្ថែម​ថា សមាគម​ធនាគារ​មិន​មែន​ជា​អ្នកធ្វើការ​សម្រេច​ ចិត្តនោះទេ ប៉ុន្តែ​គឺ​គ្រាន់តែជួយ​សម្រួល​ដល់​ភាគី​ពាក់ព័ន្ធប៉ុណ្ណោះ។

លោក​បាន​លើកឡើង​ថា​៖ «ប្រសិន​បើ​គាត់មិនពេញចិត្តនឹងដំណោះស្រាយនោះ គាត់​អាច​ទៅរកធនាគារជាតិនៃកម្ពុជាបាន។ ហើយនឹងអាចឡើងដល់គណៈកម្មការ​ការពារ​អតិថិជន ដែលនៅពេលនេះ យើងមានយន្តការសម្រាប់ការពារអ្នកប្រើប្រាស់ផងដែរ។ ដូច្នេះ ខ្ញុំលើកទឹកចិត្តឱ្យ អតិថិជន​ទាំងអស់ទទួលសេវាកម្មហិរញ្ញវត្ថុ ដែលចេញពី​ធនាគារ​ដែល​ ទទួល​បាន​អាជ្ញា​ប័ណ្ណ​ពីធនាគារជាតិនៃកម្ពុជា»។

ដោយសារតែចំនួនប្រតិបត្តិការមានទំហំធំប្រហែលជាពីរលានដង លោកបាននិយាយថា ដំណោះស្រាយទាំងនេះ គឺមិនទាន់គ្រប់គ្រាន់នោះទេ។

លោក​បាន​បន្ថែម​ថា ដោយសារតែមាន​មនុស្ស​ជា​ច្រើន​ប្រើ​ការទូទាត់សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល ដូច្នេះស្ថេរភាពនៃធនាគារ គឺសំខាន់ណាស់។ ជាលទ្ធផល ធនាគារជាតិនៃកម្ពុជា មានយន្តការសម្រាប់ឱ្យធនាគារទាំងអស់ពង្រឹងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន និងរាយការណ៍មកធនាគារជាតិនៃកម្ពុជានៅពេលមានបញ្ហាកើតឡើង។

លើស​ពី​នេះទៅទៀត លោក​បានឲ្យដឹងថា វិស័យ​ធនាគារ​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​បំផុត ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធដើម្បី​ដោះស្រាយ​បញ្ហាឧក្រិដ្ឋកម្ម​តាមប្រព័ន្ធអ៊ីនធឺណិត។ តាមគាត់ចាំបានគឺ មានឧប្បត្តិហេតុនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតចំនួន

៧៥០ករណីនៅក្នុងវិស័យធនាគារ នៅឆ្នាំ២០២៣។

លោក សោភ័ណ្ឌ បន្ថែម​ទៀតថា៖ «វិស័យធនាគារបានធ្វើការយ៉ាងជិតស្និទ្ធបំផុត ជាមួយអាជ្ញាធរ ហើយយើងក៏បានបង្ក្រាបបទល្មើសជាច្រើនករណីផងដែរ។ ប៉ុន្តែ ដូច​យើងបាន​ដឹង​ហើយថា ឧក្រិដ្ឋជន​តែង​តែ​រក​វិធី​សាស្រ្តឆបោកថ្មីៗជានិច្ច។ ដូច្នេះ ការ​ដាក់​ឱ្យ​អនុវត្ត​ច្បាប់ ការពង្រឹងប្រព័ន្ធធនាគារ និងការលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ គឺអាចជួយដល់ការកាត់បន្ថយ បទល្មើសឆបោកនេះផងដែរ»។

ប្រែសម្រួលជាខេមភាសាដោយ ម៉ី​ សេងហួរ

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម