មន្ត្រីគយបង្កើនសមត្ថភាពស៊ើបអង្កេតតាមរយៈវគ្គបណ្តុះបណ្តាលពី IMF
កាលពីខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានហ្វឹកហ្វឺនមន្ត្រីគយកម្ពុជា ទៅលើរបៀបនៃការស៊ើបអង្កេត រួមទាំងបច្ចេកទេសក្នុងការសួរចម្លើយ ការកំណត់អត្តសញ្ញាណនៃបទល្មើស និងការមានផ្នត់គំនិតស៊ើបអង្កេតត្រឹមត្រូវ។


បោះពុម្ពនៅថ្ងៃ:
ពុធ, ១០ កក្កដា ២០២៤ ០១:៤០ - ០១:៤០(GMT+7)
អាប់ដេតនៅថ្ងៃ:
ពុធ, ១០ កក្កដា ២០២៤ ០៨:៥៦ - ០៨:៥៦(GMT+7)
~ ២ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
00:00
0ប្រែសម្រួលជាខេមរភាសាដោយ វុធ ច័ន្ទតារា
សមត្ថភាពស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) គួរតែត្រូវបានពង្រឹង ទោះបីជាការអនុវត្តមានកម្រិតណាក៏ដោយ។ វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសស៊ើបអង្កេតនេះ ធ្វើឡើងសម្រាប់មន្ត្រី GDCE ចំនួន ២២នាក់ ដែលបានចូលរួម ក្រោមការជួយជ្រោមជ្រែងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។
នៅក្នុងរបាយការណ៍របស់នាយកដ្ឋានកិច្ចការសារពើពន្ធនៃ IMF បន្ទាប់ពីការបណ្តុះបណ្តាលចាប់ពីថ្ងៃទី៨ដល់១១មេសា ពីអ្នកជំនាញ FAD លោក Peter Nash មន្ត្រីគយកម្ពុជាទាំងអស់យល់ឃើញថា ពួកគេ «មិនដឹងថាពួកគេអាចរួមចំណែកដល់ការសម្រេចឱ្យបាននូវអ្វីដែលបានណែនាំក្នុងរបាយការណ៍នោះទេ»។
«ពួកគេចាត់ទុកអ្វីដែលបានបណ្តុះបណ្តាល រួមមានដំណើរការនៃការអនុញ្ញាតទំនិញ ចាប់ផ្តើមស៊ើបអង្កេត ដំណើរការស៊ើបអង្កេត និងបញ្ចប់ការស៊ើបអង្កេត គឺស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ពួកគេ»។
របាយការណ៍ឱ្យដឹងថា៖ «ក្រុមមន្ត្រីបានស្នើឱ្យប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ពិភាក្សារបាយការណ៍នេះជាមួយលោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដើម្បីបន្តអនុវត្តអនុសាសន៍ដែលមាននៅក្នុងរបាយការណ៍»។
ការណែនាំពីមន្ត្រីមួយចំណុចទៀត គឺចង់ឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការរត់ពន្ធកាន់តែខ្លាំងជាងនេះ ដូចដែលបានកំណត់ដោយសារាចរលេខ០១ ឆ្នាំ២០២៣ របស់រដ្ឋាភិបាល ដែលមានអគ្គនាយកដ្ឋានគយជាភ្នាក់ងារដឹកនាំក្នុងរឿងនេះ។ វាត្រូវបានចាត់ទុកថា ជាការរួមបញ្ចូលគ្នានូវភ្នាក់ងាររដ្ឋដ៏សក្តិសមក្នុងដំណើរការស៊ើបអង្កេត។ វាក៏តំណាងឱ្យកិច្ចព្រមព្រៀងមួយរវាង រដ្ឋាភិបាល និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតដែរ។
មន្ត្រីដែលចូលរួមការបណ្តុះបណ្តាល មានចាប់ពីថ្នាក់មន្ត្រីរហូតដល់ថ្នាក់នាយរងពីអគ្គនាយកដ្ឋានគយ មន្ត្រីគយប្រចាំអាកាសយាន្តដ្ឋាន និងតាមបណ្តាខេត្ត បានទទួលការហ្វឹកហាត់លើវិធីសាស្ត្រក្នុងការស៊ើបអង្កេត រួមមាន យុទ្ធសាស្ត្រស៊ើបអង្កេត ការគ្រប់គ្រងសំណុំរឿង បច្ចេកទេសសួរចម្លើយ ធាតុផ្សំនៃបទល្មើស និងចំណេះដឹងផ្នែកនីតិបញ្ញត្តិ។
បើតាម លោក Nash ដែលជាអ្នករៀបចំរបាយការណ៍នេះ មន្ត្រីគយជាន់ខ្ពស់បានបង្ហាញពីការគាំទ្រខ្លាំងសម្រាប់ការបណ្តុះបណ្តាលជាមួយនឹងវត្តមានចូលរួមរបស់ពួកគេ ដែលរួមចំណែកផ្តល់ចំណេះដឹង និងការចូលរួមជជែកពិភាក្សាអំឡុងវគ្គបណ្តុះបណ្តាល។ លោកបានមានប្រសាសន៍ថា រចនាសម្ព័ន្ធនៃវគ្គបណ្តុះបណ្តាលនេះ គឺបានសង្កត់ធ្ងន់ទៅលើវិន័យនៃការរៀបចំផែនការ និងរចនាសម្ព័ន្ធដែលត្រូវការសម្រាប់សកម្មភាពស៊ើបអង្កេតឱ្យបានជោគជ័យ។ លោកបន្ថែមថា ការរក្សាកំណត់ត្រាឯកសារសកម្មភាពស៊ើបអង្កេត និងសុវត្ថិភាពរបស់ភស្តុតាងក៏ជាប្រធានបទសំខាន់នៃវគ្គបណ្តុះបណ្តាលផងដែរ។
គួរជម្រាបថា ឯកសារបណ្តុះបណ្តាលត្រូវបានបង្កើតឡើងដោយផ្អែកលើឯកសារគោលនយោបាយរបស់ GDCE ស្តីពីការស៊ើបអង្កេត និងនីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់ការស៊ើបអង្កេតរបស់ប្រទេសផ្សេងទៀត ដូចជាវិធីសាស្រ្ត ស៊ើបអង្កេត ស្តង់ដារស៊ើបអង្កេត និងការអនុវត្តរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី។
«មន្ត្រីទាំងអស់ ទាមទារឱ្យមានការកែលម្អតាមរយៈឧទាហរណ៍ ការរៀនសូត្រ និងអនុវត្តជាក់ស្តែង។ ឧទាហរណ៍ថាមាន សេណារីយ៉ូចំនួនបី ទី១ត្រួតពិនិត្យឥវ៉ាន់របស់អ្នកដំណើរ ត្រួតពិនិត្យម្តងទៀតក្រោយការបង្ក្រាបបោសសំអាត និងករណីសង្ស័យពីការរត់ពន្ធ។ ពួកគេនឹងត្រូវបានពង្រឹងតាមរយៈបទពិសោធន៍ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា»។
នៅពេលខាងមុខ ការចរចាជាមួយភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត ធ្វើយ៉ាងណាឱ្យមានកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់ការចូលរួមសហការរបស់គយកាន់តែច្រើននៅក្នុងសំណុំរឿងធំៗ។ អនាគតក៏វានឹងត្រូវមានការត្រួតពិនិត្យ កែសម្រួលអាណត្តិនៃការស៊ើបអង្កេត និងបញ្ចូលសំណើនៃការពង្រឹងអំណាចស៊ើបអង្កេត ក្នុងវិសោទនកម្មច្បាប់គយបច្ចុប្បន្ន ជាពិសេសមាត្រាត្រង់ ៥២ និង ៥៤ នៃច្បាប់ស្តីពីគយរដ្ឋាករ៕
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។