កីឡា

អេស្ប៉ាញ​ឈ្នះ​ពាន​ជើងឯកទ្វីប​អឺរ៉ុប​ជា​លើក​ទី​៤ ដោយ​ធ្វើ​ឱ្យអង់គ្លេស​រង​បរាជ័យ​យ៉ាង​ឈឺចាប់

ក្រុមជម្រើសជាតិអេស្ប៉ាញគឺជាស្តេចបាល់ទាត់ទ្វីបអឺរ៉ុបបួនជំនាន់ ខណៈដែលនេះគឺ​ជា​ការ​ខកខាន​ដ៏​សោកសៅ​មួយ​ទៀត​ហើយសម្រាប់អង់គ្លេសក្នុងប្រវត្តិសាស្ត្រ ក្រោយធ្វើ​មិន​បាន​សម្រេច​ជា​ច្រើន​ទសវត្សរ៍​

Spain's Alvaro Morata holds the trophy as he celebrates with his teammates after winning the final match between Spain and England at the Euro 2024 soccer tournament in Berlin, Germany, Sunday, July 14, 2024. Spain won 2-1. (AP Photo/Frank Augstein)

Associated Press

&

បោះពុម្ព​នៅថ្ងៃ​:

ច័ន្ទ, ១៥ កក្កដា ២០២៤ ០០:៣១ - ០០:៣១(GMT+7)

អាប់ដេតនៅថ្ងៃ:

ច័ន្ទ, ១៥ កក្កដា ២០២៤ ០៤:១៦ - ០៤:១៦(GMT+7)

~ ៤ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ដោយ Steve Douglas AP Sports Writer

ប្រែសម្រួលជាខេមរភាសាដោយ ចុង ស៊ីវភីង

ក្រុងប៊ែរឡាំង (AP) - បញ្ចប់ការប្រកួតដែលក្រុមនេះគ្រប់គ្រងតាំងពីដើមដល់ចប់ អេស្ប៉ាញបានយកឈ្នះអង់គ្លេស ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុបកាលពីថ្ងៃអាទិត្យជាមួយ Mikel Oyarzabal ដែលជាអ្នកយកឈ្នះការប្រកួតដ៏មិនគួរឱ្យជឿនៅនាទីទី ៨៦។

Oyarzabal ដែលជាខ្សែប្រយុទ្ធបម្រុងដែលចូលមកជំនួសប្រធានក្រុម Alvaro Morata បានលើកបាល់ពីស្លាបខាងឆ្វេងរបស់ Marc Cucurella នៅពេលដែលការប្រកួតនៅកីឡដ្ឋាន Olympiastadion របស់ទីក្រុងប៊ែរឡាំង មើលទៅដូចជាបម្រុងនឹងបន្ថែមម៉ោងទៅហើយ។

ប្រទេសអង់គ្លេស ដែលជាកន្លែងកំណើតនៃបាល់ទាត់ នៅតែមិនទទួលបានពានធំក្នុងការប្រកួតបុរសណាមួយ ចាប់តាំងពីឈ្នះការប្រកួត World Cup ឆ្នាំ ១៩៦៦ ហើយកីឡាកររបស់ខ្លួនបានត្រឹមតែឈរមើលដោយសោកសៅ ខណៈដែល Morata បានលើកពានយ៉ាងមានមោទនភាពនៅកីឡដ្ឋានដែលសាងសង់សម្រាប់កីឡាអូឡាំពិកកាលពីឆ្នាំ ១៩៣៦នេះ។

ងាកមកអេស្ប៉ាញវិញ ការឈ្នះក្នុងឆ្នាំ ២០២៤ នេះ គឺជាពានបន្ថែមមួយទៀតទៅលើជ័យជំនះកាលពីឆ្នាំ ១៩៦៤, ២០០៨ និង ២០១២។

«យើងនៅទីនេះ ជើងឯកអឺរ៉ុប» នេះជាសម្តីរបស់ Nico Williams ដែលជាអ្នកស៊ុតបញ្ចូលគ្រាប់បាល់បើកឆាកសម្រាប់អេស្ប៉ាញនៅនាទីទី ៤៧ និងត្រូវតាមទាន់ដោយកីឡាករបម្រុងរបស់អង់គ្លេស Cole Palmer នៅនាទីទី ៧៣។ គាត់បានបន្តថា៖ «យើង​រំភើប​ចិត្ត ហើយ​សង្ឃឹម​ថា​ជោគជ័យនេះនឹង​អាច​បន្តដល់ World Cup 2026»។

Lamine Yamal ដែលជាកីឡាករឆ្នើមដែលមានវ័យ ១៧ ឆ្នាំ និងជាកីឡាករក្មេងបំផុតដែលបានបង្ហាញខ្លួននៅក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុប បានបង្កើតឱកាសឱ្យគ្រាប់បាល់របស់ Williams ជាមួយនឹងការរត់ខាងក្នុងមុនពេលបញ្ជូនបាល់កាត់មុខតំបន់នោះ។ ខ្សែបម្រើស្លាបទាំងពីរបានក្លាយជាជើងឯកវ័យក្មេងនៃក្រុមចម្រុះវប្បធម៌ដ៏គួរឱ្យរំភើប ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរប្រជាសាស្រ្តរបស់ប្រទេសអេស្ប៉ាញ។

Spain's Mikel Oyarzabal, right, celebrates with Nico Williams and Lamine Yamal, left, after scoring his side's second goal during the final match between Spain and England at the Euro 2024 soccer tournament in Berlin, Germany, Sunday, July 14, 2024. (AP)
Spain's Mikel Oyarzabal, right, celebrates with Nico Williams and Lamine Yamal, left, after scoring his side's second goal during the final match between Spain and England at the Euro 2024 soccer tournament in Berlin, Germany, Sunday, July 14, 2024. (AP)

ម្តាយរបស់ Yamal មកពី Equatorial Guinea ហើយឪពុករបស់គាត់មកពី Morocco ខណៈដែល Williams ក្នុងវ័យ ២២ ឆ្នាំមានឪពុកម្តាយជនជាតិហ្គាណា ដែលបានធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ទ្វីបអឺរ៉ុបដើម្បីកែប្រែជីវិតឱ្យកាន់តែប្រសើរ។ ដើម្បីទៅដល់ប្រទេសអេស្ប៉ាញ ពួកគេត្រូវជិះឡានផ្នែកខាងក្រោយ ដែលផ្ទុកមនុស្សជាច្រើន ហើយដើរដោយជើងទទេរឆ្លងកាត់វាលខ្សាច់សាហារ៉ា។

កីឡាករ Williams ដែលជាកីឡាករឆ្នើមនៃការប្រកួតជាមួយនឹងការរត់ផ្លោង និងគ្រាប់បាល់ទីពីររបស់គាត់ក្នុង Euro 2024 បាននិយាយថា៖ «ខ្ញុំជឿថា ប្រវត្តិសាស្ត្រមានការផ្លាស់ប្តូរ ហើយយើងពិតជាដឹងគុណជាខ្លាំង»។

គាត់បាននិយាយថា៖ «ឪពុកម្តាយរបស់ខ្ញុំបានឆ្លងកាត់រឿងជាច្រើនដើម្បីបានមកដល់ទីនេះ។ ពួកគេគឺជាអ្នកដែលបានរងទុក្ខបំផុត ហើយពួកគេជាបុគ្គលដែលបានបណ្តុះនូវការគោរព និងភក្ដីភាពបែបនេះដល់ខ្ញុំ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ព្រោះ​យើង​កំពុង​បង្កើត​ប្រវត្តិសាស្ត្រ»។

មិនដូចបងប្រុសរបស់គាត់ Inaki ដែលជាកីឡាករអន្តរជាតិរបស់ហ្គាណា Nico បានជ្រើសរើសលេងឱ្យអេស្ប៉ាញ ហើយឥឡូវនេះនឹងត្រូវបានចាត់ទុកថាជាវីរបុរសជាតិនៅទីនោះផងដែរ។

Spanish King Felipe VI holds the trophy as he and his daughter Princess Sofia celebrate with the players they won the final match between Spain and England at the Euro 2024 soccer tournament in Berlin, Germany, Sunday, July 14, 2024. (AP Photo/Andreea)
Spanish King Felipe VI holds the trophy as he and his daughter Princess Sofia celebrate with the players they won the final match between Spain and England at the Euro 2024 soccer tournament in Berlin, Germany, Sunday, July 14, 2024. (AP Photo/Andreea)

អេស្ប៉ាញបានត្រលប់មកវិញក្នុងនាមជាកីឡាករសំខាន់ក្នុងបាល់ទាត់ជាន់ខ្ពស់ បន្ទាប់ពីយកឈ្នះទាំងការប្រកួតបាល់ទាត់ពិភពលោកស្ត្រី លើអង់គ្លេសដូចគ្នា និង UEFA Nations League ផ្នែកបុរសនៅឆ្នាំ ២០២៣ ។

ចាប់តាំងពីឆ្នាំ ២០០១ ក្រុមបុរសរបស់អេស្ប៉ាញបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រសំខាន់ៗចំនួន ២៣ ជាប់ៗគ្នានៅក្នុងក្លឹប និងបាល់ទាត់អន្តរជាតិ។

Williams បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​និយាយ​មុន​ការ​ប្រកួត​ថា គ្មាន​នរណា​ម្នាក់​អាច​ផ្តួលពួក​យើង​បាន​ទេ»​។

អេស្ប៉ាញបានឈ្នះការប្រកួតទាំងប្រាំពីរនៅក្នុងការប្រកួតជើងឯកអឺរ៉ុបនេះ ដែលជាស្នាដៃដែលមិនធ្លាប់មានពីមុនមក ហើយបានបំបែកកំណត់ត្រាសម្រាប់ការស៊ុតបញ្ចូលទីក្នុងមួយប្រកួត ដោយរកបាន១៥គ្រាប់។

បន្ទាប់​ពី​ការ​ផ្លុំកញ្ចែ​ចុង​ក្រោយបញ្ចប់ការប្រកួត ​ឈុត​ឆាក​ដ៏​រីករាយមួយកើតឡើង ​ដោយ​ខ្សែ​ការពារ Dani Carvajal ត្រូវបាន​បោះឡើងលើ​ដោយ​មិត្ត​រួម​ក្រុម​ បន្ទាប់​ពី​ដួល​ទៅ​នឹង​ដី។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Luis de la Fuente ក៏ត្រូវបានកីឡាកររបស់គាត់បោះឡើងដើម្បីអបអរផងដែរ។ ទាំង Cucurella និង Yamal បាននាំកីឡាកររបស់អេស្ប៉ាញដទៃ លោតពីលើផ្ទាំងផ្សាយពាណិជ្ជកម្ម ដើម្បីទៅជិតអ្នកគាំទ្រអេស្ប៉ាញដែលពាក់អាវក្រហម និងលឿងឈរអបអរ នៅចុងខាងកើតនៃកីឡដ្ឋានផងដែរ។

Yamal បាននិយាយថា៖ «នេះគឺជាអំណោយ (ថ្ងៃកំណើត) ដ៏ល្អបំផុត ដែលខ្ញុំអាចសុំបាន»។ «វាគឺជាសុបិនដែលក្លាយជាការពិត»។

បន្ទាប់ពីទទួលបានមេដាយហើយ កីឡាករវ័យក្មេងរូបនេះ បានងាកមកលើកដៃឡើង លានអណ្តាត និងបង្ហាញស្នាមញញឹមដ៏គួរឱ្យអស់សំណើចជាការអបអរ។ នៅពេលនោះ Yamal និងមិត្តរួមក្រុមរបស់គាត់បានពាក់អាវអេស្ប៉ាញដែលមានសរសេរថា «ស្តេចនៃអឺរ៉ុប« និងលេខ ៤ នៅខាងក្រោយ។

ទន្ទឹមនឹងនេះ អ្នកគាំទ្រដែលបានទស្សនាការប្រកួតនៅលើអេក្រង់ធំមួយក្នុងទីក្រុង Madrid បានអបអរសាទរយ៉ាងគគ្រឹកគគ្រេង ដោយស្រែកថា «ជើងឯក ជើងឯក» ជាភាសាអេស្ប៉ាញ។ វា​ជា​ថ្ងៃ​កីឡា​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​ជាតិនេះ ដោយ​កីឡាករ Carlos Alcaraz បាន​ឈ្នះ​ពាន​រង្វាន់​ឯកត្តជន​បុរស Wimbledon រយៈ​ពេល​ពីរឆ្នាំជាប់​គ្នា​ ប៉ុន្មានម៉ោងមុន​ការ​ប្រកួត Euro 2024 វគ្គ​ផ្តាច់ព្រ័ត្រចាប់ផ្តើម។

សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសវិញ ពេលនេះក្រុមបុរសនេះ បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ម្តងរួចមកហើយ ដែលវាត្រូវបានចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីដោយក្រុមអ៊ីតាលីនៅលើទឹកដីរបស់ខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២១ ហើយនេះគឺជាការចាញ់ដ៏ឈឺចាប់មួយទៀតសម្រាប់ក្រុមនេះ ដែលគិតទៅដល់​ World Cup បន្ទាប់ វានឹងឈានទៅដល់ ៦ទសវត្សរ៍​ដែល​អង់គ្លេសមិនទទួលបាន​ពាន​ធំ​ណាមួយសោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមស្រីរបស់អង់គ្លេសបានទទួលជោគជ័យច្រើនជាង ដោយការឈ្នះជើងឯកទ្វីបអឺរ៉ុបនៅឆ្នាំ ២០២១ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ពីរឆ្នាំក្រោយមក។

ព្រះអង្គម្ចាស់ William ដែល​បាន​ចូលរួមទស្សនា​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ឥស្សរជន​ផ្សេងទៀត​រួមទាំង​ស្តេច​អេ​ស្ប៉ា​ញ Felipe បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ថា៖ «​លើក​នេះ ​វា​គ្រាន់តែមិនទាន់ដល់ពេល។​ យើងទាំងអស់គ្នានៅតែមានមោទនភាពចំពោះអ្នក»។

វា​ជា​ការ​ប្រកួតលើក​ទី​បួន​ជាប់​គ្នា​ដែល​អង់គ្លេស​បានប្រកួត​ចាប់​តាំង​ពី​វគ្គ​ចែក​ពូល ប៉ុន្តែ​ភាព​តស៊ូរបស់​ពួក​គេនៅតែ​មិន​បាន​ទទួល​បានលទ្ធផល​។

ក្រុមមួយដែលបានដែលធ្លាប់តែកែប្រែស្ថានការណ៍នៅវេលាសំខាន់ៗនៅក្នុង Euro 2024 រួមមានទាំងការទាត់លើក្បាលរបស់ Jude Bellingham នៅនាទីទី ៩៥ ពេលប៉ះនឹង Slovakia ក្នុងវគ្គជម្រុះ១៦ក្រុម បែរជាមិនអាចបញ្ជូនបាល់មួយគ្រាប់ទៀតបាន ដោយខ្សែបម្រើអេស្ប៉ាញ Dani Olmo បានទាត់បាល់ចេញពីបន្ទាត់ នៅបាល់​ជ្រុង​នៅ​នាទីទី ​៨៩។

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បាននិយាយថា៖ «វាជាដំណើរដ៏លំបាកមួយ យើងធ្វើបានល្អណាស់ទម្រាំបានមកដល់ទីនេះ ប៉ុន្តែនៅទីបំផុតយើងគង់នឹងត្រូវបានគេវិនិច្ឆ័យលើការប្រកួតនេះដដែល»។

លោក​បាន​បន្ថែម​ថា​៖ «​វា​ពិតជា​ឈឺចាប់​ខ្លាំង​ណាស់​ ហើយ​វា​នឹង​នៅឈឺ​យូរ​ទៀត»។

គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate ដែលបានកាន់តំណែងរយៈពេល ៨ ឆ្នាំ និងបានដឹកនាំក្រុមទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ បាននិយាយថា វាមិនមែនជាពេលវេលាដើម្បីធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់នោះទេ។ គួរបញ្ជាក់ថា កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែធ្នូ។

លោក Southgate បាននិយាយថា៖ «កីឡាករភាគច្រើននៃក្រុមនេះនឹងនៅលេងបន្ត មិនត្រឹមតែសម្រាប់ការប្រកួត World Cup ប៉ុណ្ណោះទេ ថែមទាំងនៅដល់ Euro បន្ទាប់ផងដែរ។ មានរឿងជាច្រើនដែលត្រូវទន្ទឹងរង់ចាំ ប៉ុន្តែនៅពេលនេះ វាមិនមែនជាការលួងលោមទេ»។

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម