IMF ព្យាករកំណើនសេដ្ឋកិច្ចប្រសើរជាងមុនសម្រាប់ចិននិងឥណ្ឌា តែសេដ្ឋកិច្ចសកលជារួមនៅមិនទាន់ល្អ
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃអង្គារបានព្យាករទស្សនវិស័យសេដ្ឋកិច្ចនៅឆ្នាំនេះសម្រាប់ប្រទេសចិន ឥណ្ឌា និងអឺរ៉ុបថា ថាប្រសើរជាងមុន ខណៈមានរំពឹងទុកតិចតួចសម្រាប់សហរដ្ឋអាម៉េរិក និងជប៉ុន។ ប៉ុន្តែ IMF និយាយថាការរីកចម្រើនទូទាំងពិភពលោកប្រឆាំងនឹងការបង្កើនល្បឿនតម្លៃត្រូវបានថយចុះ ដោយសារអតិផរណាបន្តកើនកើនឡើងមិនដូចការរំពឹងទុក ពិសេសក្នុងវិស័យសេវាកម្ម ចាប់ពីការធ្វើដំណើរតាមយន្តហោះ រហូតដល់តម្លៃអាហារនៅតាមភោជនីយដ្ឋាន។

បោះពុម្ពនៅថ្ងៃ:
ពុធ, ១៧ កក្កដា ២០២៤ ០១:៣៨ - ០១:៣៨(GMT+7)
អាប់ដេតនៅថ្ងៃ:
ពុធ, ១៧ កក្កដា ២០២៤ ០៤:១៧ - ០៤:១៧(GMT+7)
~ ៣ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ដោយ Paul Wiseman AP Economics Writer
ប្រែសម្រួលជាខេមរភាសាដោយ វុធ ច័ន្ទតារា
វ៉ាស៊ីនតោន (AP) - IMF បាននិយាយថា ខ្លួននៅតែរំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២ភាគរយនៅឆ្នាំនេះ ដែលមិនផ្លាស់ប្តូរពីការព្យាករណ៍ពីមុនរបស់ខ្លួននៅក្នុងខែមេសា ឡើយ តែវាធ្លាក់ចុះពីកំណើន ៣,៣ភាគរយក្នុងឆ្នាំ២០២៣។
លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF បានប្រាប់អ្នកយកព័ត៌មានថា «កំណើនសេដ្ឋកិច្ចពិភពលោកនៅតែមានស្ថិរភាព»។
ទោះជាយ៉ាងនេះក្តី កំណើនសេដ្ឋកិច្ចពិភពលោកប៉ុននេះ នៅតែមិនទាន់ជាអ្វីដែលគួរឱ្យចាប់អារម្មណ៍ឡើយ បើធៀបនឹងស្តង់ដារ នៃប្រវត្តិសាស្ត្រច្រើនឆ្នាំចុងក្រោយ។ ចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតប៉ះពាល់សកម្មភាពសេដ្ឋកិច្ច កំណើនពិភពលោកមានជាមធ្យម ៣,៨ភាគរយក្នុងមួយឆ្នាំ។
IMF ដែលជាអង្គការផ្តល់ប្រាក់កម្ចី មានប្រទេសចំនួន១៩០ជាសមាជិក ធ្វើការដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្រសកល។
លោក Gourinchas បានប៉ាន់ប្រមាណថា ប្រទេសចិន និងឥណ្ឌានឹងមានចំនួនជិតពាក់កណ្តាលនៃកំណើនពិភពលោកនៅឆ្នាំនេះ។
មួយផ្នែកដោយសារតែការកើនឡើងនៃការនាំចេញរបស់ចិននៅដើមឆ្នាំ២០២៤។ IMF បានដំឡើងការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់ប្រទេសចិននៅឆ្នាំនេះដល់ ៥ភាគរយ ពី ៤,៦ភាគរយ ដែលខ្លួនបានព្យាករក្នុងខែមេសា ទោះបីជាធ្លាក់ចុះពី ៥,២ភាគរយក្នុងឆ្នាំ២០២៣ក៏ដោយ។
ការព្យាករណ៍របស់ IMF បានចេញផ្សាយមុនពេលទីក្រុងប៉េកាំងបានរាយការណ៍កាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចចិន ដែលជាមហាអំណាចទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤,៧ភាគរយ យឺតជាងការរំពឹងទុកពីខែមេសាដល់ខែមិថុនា ធ្លាក់ចុះពី ៥,៣ភាគរយក្នុងរយៈពេលបីខែដំបូងឆ្នាំនេះ។
សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលធ្លាប់កើនឡើងជាប្រចាំក្នុងល្បឿនប្រចាំឆ្នាំដល់ទៅពីរខ្ទង់ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ ជាពិសេសការដួលរលំនៃទីផ្សារលំនៅដ្ឋានរបស់ខ្លួន និងចំនួនប្រជាជនវ័យចំណាស់កើនឡើង នាំឱ្យមានកង្វះកម្លាំងពលកម្ម។ នៅឆ្នាំ២០២៩ លោក Gourinchas បានសរសេរថា កំណើនរបស់ប្រទេសចិននឹងថយចុះមកត្រឹម៣,៣ភាគរយ។
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាឥឡូវនេះត្រូវបានគេព្យាករថានឹងកើនឡើង៧ភាគរយ កើនឡើងពី ៦,៨ភាគរយ ដែល IMF បានប៉ាន់ស្មានកាលពីខែមេសា។ មួយផ្នែកដោយសារតែការចំណាយរបស់អ្នកប្រើប្រាស់កាន់តែរឹងមាំនៅក្នុងតំបន់ជនបទ។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយថា៖«ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងទ្វីបអឺរ៉ុបដែលត្រូវបានរារាំង ដោយតម្លៃថាមពលកើនខ្ពស់ និងការខូចខាតសេដ្ឋកិច្ចផ្សេងទៀតពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំ២០២២»។
ដោយលើកឡើងពីការកើនឡើងនៅក្នុងអាជីវកម្មសេវាកម្មរបស់អឺរ៉ុប IMF បានបង្កើនការព្យាករណ៍កំណើនឆ្នាំ២០២៤ របស់ខ្លួនសម្រាប់ប្រទេសទាំង២០ ដែលចាយលុយអឺរ៉ូប្រមាណ ០,១ភាគរយពីការព្យាករណ៍ក្នុងខែមេសាឡើងដល់ ០,៩ភាគរយ។ នៅក្នុងឆ្នាំ២០២៣ តំបន់ចាយប្រាក់អឺរ៉ូមានកំណើនសេដ្ឋកិច្ច០,៥ភាគរយ។
ប៉ុន្តែដោយសារតែកំណើនខ្សោយនៅសហរដ្ឋអាម៉េរិក ក្នុងត្រីមាសទីមួយ បាននាំឱ្យ IMF បន្ទាបការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនរបស់អាម៉េរិកនៅឆ្នាំនេះមកត្រឹម២,៦ភាគរយ ពី២,៧ភាគរយ ដែលខ្លួនបានព្យាករណ៍កាលពីខែមេសា។
ដូចគ្នានេះដែរ IMF បានទម្លាក់ទស្សនវិស័យរបស់ខ្លួនសម្រាប់កំណើនឆ្នាំ២០២៤ នៅប្រទេសជប៉ុនមកត្រឹម ០,៧ភាគរយ ដែលធ្លាក់ចុះពី ០,៩ភាគរយ និងជាចំនួនធ្លាក់ចុះពី ១,៩ភាគរយ ក្នុងឆ្នាំ២០២៣។ កំណើនក្នុងត្រីមាសទីមួយរបស់ប្រទេសជប៉ុនត្រូវបានរំខានដោយការបិទរោងចក្រផលិតរថយន្តធំមួយ។
បន្ទាប់ពីការកើនឡើងដល់ ៨,៧ភាគរយក្នុងឆ្នាំ២០២២ នៅពេលដែលសេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺរាតត្បាត នោះអតិផរណាទូទាំងពិភពលោកត្រូវបានគេរំពឹងថានឹងបន្តបន្ធូរបន្ថយ ពី៦,៧ភាគរយក្នុងឆ្នាំ២០២៣ ដល់៥,៩ភាគរយនៅឆ្នាំនេះ និង ៤,៤ភាគរយក្នុងឆ្នាំ២០២៥។
IMF បានឱ្យដឹងទៀតថា ដំណើរការប្រសើរឡើងវិញរបស់សេដ្ឋកិច្ចកំពុងយឺតយ៉ាវ ដោយសារអតិផរណានៃសេវាកម្ម ដែលបានបង្ហាញពីការលំបាក។ មូលនិធិនេះបានព្រមានថាធនាគារកណ្តាលមួយចំនួនអាចរក្សាអត្រាការប្រាក់ឱ្យខ្ពស់ជាងការរំពឹងទុក រហូតដល់ពួកគេជឿជាក់ថាអតិផរណាស្ថិតនៅក្រោមការគ្រប់គ្រងនឹងនរ។ ការចំណាយលើការខ្ចីប្រាក់ខ្ពស់ជាងការរំពឹងទុកអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៕
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។