https://dev-kiripost-kh.netlify.app/stories/idea-leader-chea-chantha-charged-for-fraud-after-nssf-programme
https://dev-kiripost-kh.netlify.app/stories/idea-leader-chea-chantha-charged-for-fraud-after-nssf-programme


បោះពុម្ពនៅថ្ងៃ:
អាទិត្យ, ២១ កក្កដា ២០២៤ ០៩:០៨ - ០៩:០៨(GMT+7)
អាប់ដេតនៅថ្ងៃ:
អង្គារ, ១៣ សីហា ២០២៤ ០៨:០៤ - ០៨:០៤(GMT+7)
~ ២ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ប្រែសម្រួលជាខេមរភាសាដោយ ចុង ស៊ីវភីង
លោក ជា ចាន់ថា ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ត្រូវបានសាលាដំបូងខេត្តស្វាយរៀង បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅល្ងាចថ្ងៃសុក្រ បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ដោយពេលនោះលោកកំពុងតែចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការទទួលអត្ថប្រយោជន៍ពី របបសន្តិសុខសង្គម (ប.ស.ស)។
នៅថ្ងៃដែលលោកត្រូវបានគេឃាត់ខ្លួន លោក ចាន់ថា បានចូលរួមសិក្ខាសាលាស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចគាំពារសង្គមនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយបានជួបជាមួយនឹងនិយោជិក និងនិយាយអំពីការប្រើប្រាស់ ប.ស.ស ដែលជាសេវាសង្គមរបស់រដ្ឋាភិបាល។
បន្ទាប់ពីត្រូវបាននគរបាលឃុំខ្លួនរយៈពេលពីរថ្ងៃ លោក ចាន់ថា បានចូលខ្លួនមកបំភ្លឺនៅតុលាការដើម្បីសាកសួរនៅថ្ងៃទី១៨ ខែកក្កដា ហើយបានចោទប្រកាន់នៅថ្ងៃបន្ទាប់តាមមាត្រា ៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌពីបទឆបោកក៏ដូចជាមាត្រា ៦១០ ពីបទ «ធ្វើសកម្មភាពបង្កឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ»។ ប្រសិនបើត្រូវបានកាត់ទោស លោក ចាន់ថា អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ៣ ឆ្នាំ។
IDEA ធ្វើការជាមួយអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្សព្វផ្សាយលើកកម្ពស់ការរស់នៅ និងលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង រួមទាំងកែលម្អលទ្ធភាពទទួលបានសេវារដ្ឋាភិបាល។ សមាគមនេះក៏បានផ្សព្វផ្សាយព័ត៌មានអំពីការចុះឈ្មោះ និងការទទួលបានអត្ថប្រយោជន៍ពី ប.ស.ស ផងដែរ។ ប.ស.ស គឺជាកម្មវិធីដែលគ្រប់គ្រងដោយរដ្ឋាភិបាលដែលធានាដល់កម្មករនិយោជិតទាំងអស់ឱ្យទទួលបាននូវសេវាសុខភាព និងអត្ថប្រយោជន៍សម្រាប់ជនមានពិការភាពផងដែរ។
លោក វន់ ពៅ ប្រធានរបស់ IDEA បានប្រាប់ គិរីផូសថាពួកគេបានទទួលការរាយការណ៍អំពីករណីនេះ ដោយបន្ថែមថា លោក ចាន់ថា គឺជាសមាជិកនៃអង្គការនេះ។ លោកបានចូលរួមក្នុងការផ្សព្វផ្សាយនូវការប្រើប្រាស់ ប.ស.ស ដល់ប្រជាពលរដ្ឋធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយបញ្ជាក់ថាកម្មវិធីនេះជាផលប្រយោជន៍សាធារណៈ។
«ខ្ញុំគិតថា ចាន់ថា មិនបានបំពានច្បាប់ក្រោមមាត្រាទាំងបីទេ ពីព្រោះយោងតាមបេសកកម្មរបស់ IDEA យើងចង់បង្កើនសមាជិក និងពន្យល់ពួកគេពីមូលហេតុដែលពួកគេគួរចុះឈ្មោះសម្រាប់របបសន្តិសុខសង្គម។ ម្យ៉ាងទៀត សកម្មភាពទាំងនេះគឺស្របតាមមូលដ្ឋានសមស្របនៃរបបសន្តិសុខសង្គម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT)»។
ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហានេះ ប្រធាន IDEA បានបញ្ជាក់ថា លោកបានទាក់ទងមេធាវី និងមន្ត្រីរដ្ឋាភិបាល ដែលធ្វើការផ្នែកច្បាប់រួចរាល់ហើយ។ IDEA ក៏នឹងស្នើសុំកិច្ចប្រជុំ និងពិភាក្សាជាមួយភាគីសំខាន់ៗផ្សេងទៀត រួមមានក្រសួងមហាផ្ទៃ ប.ស.ស និងអាជ្ញាធរខេត្តស្វាយរៀង។
លោកបានថ្លែងថា៖ «យើងនឹងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ហើយខ្ញុំសង្ឃឹមថាតុលាការនឹងពិចារណាទម្លាក់ការចោទប្រកាន់នេះ និងដោះលែងគាត់ឱ្យមានសេរីភាព»។
លោក កត្តា អ៊ន អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ករណីនេះស្ថិតនៅក្នុងការដោះស្រាយនៃសមត្ថកិច្ចរបស់តុលាការ មិនមែនរបស់ក្រសួងការងារនោះទេ។
លោក ហេង សុផាន់ណារិទ្ធ នាយករងបេឡាជាតិរបបសន្តិសុខសង្គមបានបដិសេធមិនធ្វើការអត្ថាធិប្បាយលើរឿងនេះទេ។
ជាមួយគ្នានេះ លោក អំ សំអាត ប្រធានប្រតិបត្តិការនៃអង្គការលីកាដូ មានប្រសាសន៍ថា សមាជិក IDEA កំពុងផ្សព្វផ្សាយបញ្ហាផលប្រយោជន៍សាធារណៈទាក់ទងនឹងការការពារសង្គម ប.ស.ស និងការប្រែប្រួលអាកាសធាតុ។ សកម្មភាពទាំងនោះមិនត្រូវបានចាត់ទុកថាជាការបំពានច្បាប់នោះទេ។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើបុគ្គលដែលនិយាយពាក់ព័ន្ធនឹងប្រធានបទនេះត្រូវចាប់ខ្លួន វាជាការបំពានលើសិទ្ធិបញ្ចេញមតិរបស់ពួកគេ។ អ៊ីចឹងអង្គការលីកាដូកំពុងតាមដានយ៉ាងដិតដល់លើរឿងនេះ ហើយបើមានសំណើសុំជំនួយ យើងក៏នឹងពិចារណាដែរ ដោយផ្អែកលើច្បាប់»។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង លោក ឈីវ អ៊ិចគង់ មានប្រសាសន៍ថា៖ «យើងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ខណៈដែលជននោះត្រូវបានចាប់ខ្លួនតាមមាត្រា ៣៧៧ និង ៣៧៨ ពីបទឆបោក និងមាត្រា ៦១០»។
លោកបានស្នើឱ្យ គិរីផូស សាកសួរព័ត៌មានបន្ថែមពីលោក ទេព ផល្លា ប្រធានតុលាការខេត្តស្វាយរៀង។ យ៉ាងណាមិញ លោកមិនបានឆ្លើយតបនោះទេ គិតមកដល់ពេលចុះផ្សាយនេះ៕
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។