ចាកចេញពីភាពក្រីក្រ ដោយប្រែខ្លួនពីពលករចំណាកស្រុកទៅជាកសិករ
លោក អ៊ួង ជា ត្រូវបង្ខំចិត្តចំណាកស្រុក និងធ្វើការឆ្ងាយពីគ្រួសារ ដើម្បីរកប្រាក់ចំណូល ប៉ុន្តែគាត់នៅតែស្ថិតក្នុងភាពក្រីក្រធ្ងន់ធ្ងរ រហូតដល់គាត់សម្រេចចិត្តចាប់ផ្តើមដាំបន្លែ និងចិញ្ចឹមមាន់ ទានៅផ្ទះ


បោះពុម្ពនៅថ្ងៃ:
ពុធ, ១៧ កក្កដា ២០២៤ ០៥:១០ - ០៥:១០(GMT+7)
អាប់ដេតនៅថ្ងៃ:
ពុធ, ១៧ កក្កដា ២០២៤ ០៩:២៨ - ០៩:២៨(GMT+7)
~ ៤ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ប្រែសម្រួលជាខេមរភាសាដោយ ចុង ស៊ីវភីង
ខេត្តតាកែវ៖ អតីតពលករចំណាកស្រុកវ័យ ៤៨ឆ្នាំម្នាក់ឈ្មោះ អ៊ួង ជា មានជីវភាពប្រសើរឡើងបន្ទាប់ពីគាត់ក្លាយជាកសិករនៅស្រុកកំណើតរបស់គាត់ ដោយដាំបន្លែ និងចិញ្ចឹមមាន់ និងទា។ បីឆ្នាំបន្ទាប់ពីគាត់ចាប់ផ្តើមធ្វើស្រែ គ្រួសាររបស់គាត់ត្រូវបានដកចេញពីបញ្ជីគ្រួសារក្រីក្រ។
លោក ជា ដែលមានកូនបួននាក់ និងចៅបួននាក់ ធ្លាប់ធ្វើស្រែ ហើយមិនទទួលបានប្រាក់គ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារនោះទេ។ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ គាត់បានសម្រេចចិត្តធ្វើចំណាកស្រុកទៅខេត្តផ្សេង ហើយធ្វើការឆ្ងាយពីគ្រួសារ ដោយសង្ឃឹមថានឹងអាចទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីចំណាយពេល៥ឆ្នាំធ្វើការនៅខាងក្រៅឱ្យអ្នកដទៃ លោក ជា បានបញ្ចប់ការងារដោយគ្មាននៅសល់អ្វីសោះក្នុងខ្លួន ហើយគ្រួសាររបស់គាត់នៅតែមានជីវភាពក្រីក្រ។ ចាប់តាំងពីផ្លាស់ប្តូរពីការងារចំណាកស្រុកមកធ្វើជាកសិករដាំបន្លែតាមផ្ទះ ដោយប្រើវិធីដាំដំណាំវិលជុំតាមរដូវ និងការប្រើជីធម្មជាតិមក គ្រួសាររបស់គាត់បានរួចផុតពីភាពក្រីក្រ។

ការធ្វើចំណាកស្រុកមិនធ្វើឱ្យជីវិតប្រសើរឡើងទេ
លោក ជា បានរំឭកថា៖ «នៅពេលខ្ញុំដាំតែស្រូវ លើដីមួយកន្លែងតូច ជីវភាពរបស់យើងខ្វះខាត។ វាមិនគ្រប់គ្រាន់ទេ រហូតដល់ខ្ញុំចាប់ផ្តើមចុះឈ្មោះក្នុងសហគមន៍ដើម្បីដាំដុះ។ ជីវភាពរបស់ខ្ញុំចាប់ផ្តើមមានភាពប្រសើរឡើង ហើយមិនពិបាកដូចមុនទេ។ បើខ្ញុំចង់ទិញអង្ករ ខ្ញុំគ្រាន់តែលក់បន្លែខ្លះៗ»។
កាលពីមុន លោក ជា អាចរកចំណូលបានប្រហែល ២០ ម៉ឺនរៀល ឬ ៥០ដុល្លារក្នុងមួយឆ្នាំពីការលក់អង្ករ ដែលមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារគាត់នោះឡើយ។ នៅពេលនោះ គាត់ក៏បានសម្រេចចិត្តធ្វើចំណាកស្រុក ដោយផ្លាស់ពីស្រុកកំណើតនៅខេត្តតាកែវ ទៅកាន់តំបន់ផ្សេងៗ រួមមានខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរកចំណូលបន្ថែម។

«ខ្ញុំបានធ្វើការឱ្យអ្នកផ្សេងពីភូមិមួយទៅភូមិមួយ និងនៅខេត្តផ្សេងទៀតអស់រយៈពេល៥ទៅ៦ឆ្នាំមកហើយ ប៉ុន្តែខ្ញុំមិនមានអ្វីនៅសល់ទេ។ ដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តត្រលប់មកស្រុកកំណើតវិញ ហើយផ្តោតទាំងស្រុងលើការដាំបន្លែ» នេះបើតាមការរៀបរាប់របស់លោកប្រាប់ គិរីផូស អំពីដំណើរជីវិតដែលប្តូរពីពលករចំណាកស្រុកមកជាកសិករ។
«ពេលទៅខេត្តផ្សេង ខ្ញុំក៏ឃើញគេដាំដំណាំ ហើយមិនសូវទៅកន្លែងផ្សេងច្រើនទេ។ ហើយពួកគេធ្វើការដាំដំណាំវិលជុំនេះ បន្ទាប់មកលក់វា [បន្លែ] ជារៀងរាល់ថ្ងៃ ដូច្នេះពួកគេក៏ទទួលបានប្រាក់កម្រៃរាល់ថ្ងៃដែរ»។
«ទោះបីជាខ្ញុំធ្វើចំណាកស្រុកទៅធ្វើការក៏ដោយ ប្រសិនបើខ្ញុំកាត់កងនឹងចំណាយខ្លះលើការទិញអាហារ និងរបស់របរផ្សេងៗនោះ ឃើញថាស្ទើរតែគ្មានលុយនៅសល់។ ដូច្នេះ ខ្ញុំសម្រេចចិត្តមកផ្ទះវិញ [ដើម្បីដាំដំណាំ]»។
ដំណាំបន្លែទ្រទ្រង់ជីវភាព
កាលពី៥ឆ្នាំមុន គ្រួសាររបស់លោក ជា ស្ថិតក្នុងភាពក្រីក្រ ដោយប្រើប្រាស់នូវប័ណ្ណក្រីក្រ ដើម្បីផ្គត់ផ្គង់គ្រួសារ ខណៈដែលគាត់ត្រូវទៅធ្វើការឱ្យអ្នកដទៃឆ្ងាយពីសមាជិកគ្រួសារ ដោយផ្លាស់ពីខេត្តមួយទៅខេត្តមួយទៀត។
គាត់បានបន្តថា៖ «តាមពិត ពីមុនខ្ញុំមានប័ណ្ណក្រីក្រ ប៉ុន្តែបន្ទាប់ពីខ្ញុំចាប់ផ្តើមដាំដំណាំ និងរកប្រាក់ចំណូលបន្ថែមមក ពួកគេបាននិយាយថា ខ្ញុំមិនត្រូវការប័ណ្ណក្រីក្រទៀតទេ»។
ពីមុនគាត់រកចំណូលបានប្រហែល ៤ម៉ឺន ទៅ ២០ម៉ឺនរៀល ឬស្មើនឹង ១០ដុល្លារទៅ ៥០ដុល្លារក្នុងមួយខែ និងមានកូនជាច្រើនដើម្បីមើលថែ។ ពេលគាត់ប្តូរមកធ្វើជាកសិករដាំបន្លែ ពេលខ្លះ គាត់អាចរកចំណូលបាន ២៥០ ដុល្លារក្នុងមួយខែ។
លោក ជា បាននិយាយថា ជីវិតឥឡូវនេះប្រសើរជាងពេលដែលគាត់ធ្វើចំណាកស្រុកទៅធ្វើការឱ្យអ្នកដទៃ។ សព្វថ្ងៃនេះ ចៅទាំងបួននាក់របស់គាត់អាចចូលរៀនបាន ខណៈឪពុកម្តាយពួកគេទៅធ្វើការតាមរោងចក្រក្នុងខេត្ត។ ទាំងគាត់ និងប្រពន្ធរបស់គាត់អាចនៅផ្ទះ និងមើលថែចៅៗបាន ពេលដាំដំណាំ និងចិញ្ចឹមមាន់ និងទា។
ក្នុងមួយខែ លោក ជា អាចរកចំណូលបានចន្លោះពី ៦០ម៉ឺន ទៅ ៧០ម៉ឺនរៀល ឬពី ១៤៦ ទៅ ១៧០ដុល្លារ តាមរយៈការលក់បន្លែតាមផ្សារក្នុងក្រុង។

សត្វល្អិត និងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ
ក្នុងខែនេះ ទោះបីតម្លៃបន្លែឡើងថ្លៃក៏ពិតមែន ប៉ុន្តែលោក ជា នៅតែមិនអាចប្រមូលផលបន្លែបានបន្ថែមទៀត ដោយសារសត្វល្អិតជាច្រើនបំផ្លាញដំណាំរបស់គាត់។
លោកបាននិយាយថា៖ «ប្រហែលវាមកពីការប្រែប្រួលអាកាសធាតុព្រោះវាមិនត្រឹមតែស៊ីដំណាំរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំផ្លាញដំណាំកសិករផ្សេងទៀតផងដែរ»។ «ខ្ញុំធ្លាប់ដាំ [បន្លែ] ប៉ុន្តែគ្មានសត្វល្អិតស៊ីវាទេពីមុន»។
ខណៈដែលការដាំដុះនៅឆ្នាំនេះត្រូវបានបំផ្លាញដោយសត្វល្អិត តែលោក ជា នៅតែប្រើជីកំប៉ុស្តិ៍ដែលធ្វើពីលាមកមាន់ និងកាកសំណល់ផ្ទះបាយលាយចូលគ្នា។
«ឆ្នាំនេះយើងខ្វះទឹក ហើយថ្មីៗនេះមានភ្លៀងធ្លាក់ ដូច្នេះយើងអាចទទួលបានទឹកតិចតួចពីវាលស្រែផ្សេងទៀតដែលហូរចូលស្រែរបស់យើង។ ទីពីរ ខ្ញុំបានជួបនឹងបញ្ហាសត្វល្អិតស៊ីដំណាំរបស់ខ្ញុំទាំងអស់។ អ៊ីចឹងហើយបានជាខ្ញុំឈប់ដាំស្ពៃទៀត ព្រោះពេលណាខ្ញុំដាំ សត្វល្អិតដឹងតែស៊ីវាហើយ»។
សូម្បីតែស្រះរបស់គាត់ដែលមានប្រវែងប្រាំម៉ែត្រក៏មិនដែលរីងស្ងួតពីមុនមកដែរ។ យ៉ាងណាមិញ ឆ្នាំនេះស្រះគាត់មិនមានទឹកទេ ធ្វើឱ្យប៉ះពាល់ដល់ការដាំដុះបន្លែ។

លោកស្រី ញៀត ម៉ាល់ ប្រធានសហគមន៍កសិកម្មត្រពាំងស្រង៉ែ បានប្រាប់ គិរីផូស ថា ឆ្នាំនេះការខ្វះខាតទឹកបានចាប់ផ្តើមតាំងពីខែមេសា ដោយសារអាកាសធាតុក្តៅជាងឆ្នាំមុន។
លោកស្រីបានមានប្រសាសន៍ថា៖ «នៅពេលដែលពួកគេខ្វះទឹក ពួកគេនៅតែអាចប្រើប្រាស់ [ទឹក] ពីអណ្តូងបាន ប៉ុន្តែ ទឹកពីអណ្តូងមិនល្អសម្រាប់ដំណាំដូចទឹកពីស្រះនោះទេ»។
ដើម្បីដោះស្រាយបញ្ហានេះ ប្រធានកសិករបានស្នើឲ្យកសិករជីកស្រះឲ្យកាន់តែជ្រៅ និងជីកអណ្តូងបន្ថែមទៀត៕
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។