សេដ្ឋកិច្ច

បំណុលរបស់កម្ពុជាកើនឡើងថែម១ពាន់លានដុល្លារទៀតក្នុងត្រីមាសទីមួយឆ្នាំ២០២៤

បំណុលសាធារណៈកម្ពុជាបានកើនឡើងចំនួន ១ពាន់លានដុល្លារទៀត បូករួមទាំងបំណុលសង្រ្គាមដែលមានស្រាប់ចំនួន ៦២៨,៩៣ លានដុល្លារ ខណៈអ្នកវិភាគសង្គមបានផ្តល់អនុសាសន៍ឱ្យបែងចែកប្រាក់កម្ចីទាំងនោះទៅដល់វិស័យអប់រំ និងកែសម្រួលនូវសុចរិតភាពថវិកាដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែម។

A Rolls-Royce drives near the Independence Monument in Phnom Penh. Kiripost/Siv Channa

Meas-Molika

មាស ម៉ូលីកា

&

បោះពុម្ព​នៅថ្ងៃ​:

សុក្រ, ១៩ កក្កដា ២០២៤ ០១:២៦ - ០១:២៦(GMT+7)

អាប់ដេតនៅថ្ងៃ:

សុក្រ, ១៩ កក្កដា ២០២៤ ១០:១៧ - ១០:១៧(GMT+7)

~ ៤ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ប្រែសម្រួលជាខេមរភាសាដោយ សាន សុម៉ានីតា

បំណុលសាធារណៈរបស់កម្ពុជាបានកើនឡើង១ពាន់លានដុល្លារថែមទៀត បូករួមទាំងបំណុលសង្រ្គាមដែលនៅសល់ចំនួន ៦២៨,៩៣ លានដុល្លារ ដែលបានបន្សល់តាំងពីមុនឆ្នាំ១៩៩៣ ជាហេតុធ្វើឱ្យអ្នកវិភាគសង្គមស្នើឱ្យមានការប្រើប្រាស់ប្រាក់កម្ចីទាំងនោះទៅលើវិស័យអប់រំ និងមានសុចរិតភាពថវិកាបន្ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើន។

គិតត្រឹមចុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះ បើបូករួមទាំងបំណុលចាស់ទៀត រដ្ឋាភិបាលមានបំណុលសាធារណៈសរុបចំនួន ១១,០៩ ពាន់លានដុល្លារ ដែលក្នុងនោះ ៩៩,១ ភាគរយ ឬ ១១ពាន់លានដុល្លារ គឺជាបំណុលក្រៅប្រទេស និង ០,៨៨ ភាគរយ ឬ ៩៨ លានដុល្លារជាបំណុលក្នុងស្រុក។ ក្នុងរយៈពេលដូចគ្នានេះដែរ កាលពីឆ្នាំ ២០២៣ បំណុលសាធារណៈមានចំនួន ១០,៣ ពាន់លានដុល្លារ ដែលសរុបមកធ្វើឱ្យមានការកើនឡើងចំនួន ១ពាន់លានដុល្លារ។

ប្រទេស​ចិន​ជា​ប្រទេស​ម្ចាស់បំណុលធំជាងគេរបស់កម្ពុជា ដែលមានទឹកប្រាក់ស្មើ​នឹង​ ៣,៩ ពាន់​លាន​ដុល្លារ​នៃ​បំណុល​សរុប។ ខណៈពេលដែល ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ មានចំនួន ២១ភាគរយ ស្មើនឹង ២,៣ ពាន់លានដុល្លារ ហើយធនាគារពិភពលោកមានចំនួន ១២ភាគរយស្មើនឹង ១,៣ពាន់លានដុល្លារ។

ក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាបានដក ៥២ ភាគរយនៃបំណុលសាធារណៈសរុបសម្រាប់ចំណាយលើការដឹកជញ្ជូន ហើយ១៤ ភាគរយចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ១០ភាគរយលើប្រព័ន្ធធារាសាស្រ្ត ៨ភាគរយលើការអប់រំ ៧ ភាគរយលើការផ្គត់ផ្គង់ទឹក និង ៥ ភាគរយទៀតចំណាយលើថាមពល។

ម៉ារ សុផល ប្រធានគ្រប់គ្រងកម្មវិធីគោលនយោបាយ និងច្បាប់(បាលី) នៅវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគួរតែចំណាយថវិកាប្រាក់កម្ចីទៅលើវិស័យអប់រំឱ្យបានច្រើនព្រោះវាជាវិស័យអាទិភាពដែលត្រូវការការយកចិត្តទុកដាក់។

លោកបាននិយាយថា៖ «សូមស្នើឱ្យមានការបង្កើន [ថវិកាលើវិស័យអប់រំ] ការកាត់បន្ថយ [លើការចំណាយលើអ្វីដែលមិនមានចាំបាច់] លើវិស័យផ្សេងទៀត ពីព្រោះការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជាស្ពានសម្រាប់បម្រើទៅលើវិស័យផ្សេងទៀត។ ប្រសិនបើ​ការអប់រំ​ល្អ ការអភិវឌ្ឍន៍​វិស័យ​ផ្សេងទៀត​ក៏​នឹង​មាន​គុណភាព និងមាន​ចីរភាពបាន​យូរអង្វែងផងដែរ​»​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ បានមានប្រសាសន៍ថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា «អាចស្ថិតនៅក្នុងការគ្រប់គ្រងបាន» «មានចីរភាព»​ និង «ហានិភ័យកម្រិតទាប» ដដែល ទោះបីជា សេដ្ឋកិច្ចរបស់យើងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃវិបត្តិជម្ងឺ កូវីដ-១៩ និងកត្តាខាងក្រៅផ្សេងៗទៀតក៏ដោយ។

លោកបានបញ្ជាក់នៅក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាថា «ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យលើប្រទេសកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈដ៏រឹងមាំ ដែលមានដូចជាក្របខណ្ឌគតិយុត្ត គោលការណ៍គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីដើម្បីគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការ សមត្ថភាពស្ថាប័ន ធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋានសម្រាប់ការវិភាគ និងតាមដានហានិភ័យបំណុល»។

A view of the development city landscape from a high-rise building. The city has many buildings, Phnom Penh, on 28 December 2023. Kiripost/Rov Hongseng
A view of the development city landscape from a high-rise building. The city has many buildings, Phnom Penh, on 28 December 2023. Kiripost/Rov Hongseng

លោក​ក៏បាន​បន្ថែម​ថា កម្ពុជា​ខ្ចី​ក្នុង​បរិមាណដែល​សមរម្យ ​ដែល​ថវិកា និង​សេដ្ឋកិច្ច​អាច​ទប់ទល់​គ្នាបាន នឹង​មាន​លក្ខខណ្ឌ​អំណោយផល។ លោក ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀត​ថា ប្រាក់​ដែលបាន​ខ្ចីគឺ​សម្រាប់​តែចំណាយ​វិស័យ​អាទិភាព​ដែល​អាច​ជួយបង្កើននូវ​​សេដ្ឋកិច្ចប៉ុណ្ណោះ។

នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានសងបំណុលចំនួន ១៨១,៥៥ លានដុល្លាររួចរាល់ហើយ ដែល ១៨១ លានដុល្លារ សម្រាប់បំណុលសាធារណៈខាងក្រៅស្រុក និង ០,៥៥ លានដុល្លារ សម្រាប់បំណុលសាធារណៈក្នុងស្រុក ហើយការទូទាត់សេវាបំណុលនៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២៤នេះ បានកើនឡើងប្រហែល ០,៥ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា បំណុលបច្ចុប្បន្នមិនមែនជាបញ្ហាសម្រាប់កម្ពុជាទេ ដោយសារវាមានត្រឹមតែ ២៥ ភាគរយនៃផលិតផលក្នុងស្រុកទូទៅ (GDP) របស់ប្រទេសប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ទៀតថា៖ «យើងអាចវាយតម្លៃបានថា បំណុលរបស់រដ្ឋាភិបាលមិនមែនជាបញ្ហាសម្រាប់កម្ពុជាទេ ព្រោះបំណុលនេះបានជួយកម្ពុជាក្នុងការរួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត»។

សុចរិតភាព និងអភិបាលកិច្ចល្អ ជាចំណែកដើម្បីទាក់ទាញអ្នកវិនិយោគ

Council for the Development of Cambodia (CDC). Kiripost/Siv Channa
Council for the Development of Cambodia (CDC). Kiripost/Siv Channa

លោក សឿង សារឿន នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងជាលេខាធិការដ្ឋាននៃក្រុមការងារថវិការបស់អង្គការសង្គមស៊ីវិល បានប្រាប់ គិរីផូសថា «វាជានិន្នាការធម្មតា» ដែលកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយខ្ចីថវិកាពីប្រទេសអភិវឌ្ឍន៍។

ទោះជាយ៉ាងនេះក្តី លោកមានសំណើថា កម្ពុជាគួរតែមានសុចរិតភាព និងអភិបាលកិច្ចល្អបន្ថែមទៀតក្នុងធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគលើគម្រោងធំៗនៅក្នុងប្រទេស។ លោក​បាន​បន្តទៀត​ថា​៖ «​វា​ក៏​អាច​នឹង​មាន​ការ​ចរចា​ជាមួយ​អ្នក​ផ្តល់​ប្រាក់​កម្ចី ជា​ពិសេស​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី (MDBs) សម្រាប់​ការ​ដោះដូរ​បំណុល​សម្រាប់​ការ​បម្រែបម្រួល​អាកាសធាតុ និង​អាទិភាព​ផ្សេង​ទៀត​»​។

«ទន្ទឹមនឹងនោះដែរ បើបរិយាកាសកាន់តែអំណោយផលសម្រាប់សង្គមស៊ីវិលក្នុងប្រតិបត្តិការ និងអនុវត្តសិទ្ធិ និងតួនាទីរបស់ពួកគេក្នុងនាមជាអ្នកអភិវឌ្ឍន៍ នោះឱកាសផ្តល់មូលនិធិនឹងមានផ្ដល់មកកាន់តែច្រើនដល់កម្ពុជា»។

ចំណែកឯបំណុលចាស់របស់កម្ពុជាដែលស្មើនឹង ៦២៨,៩៣ លានដុល្លារ គឹត្រូវបានកំណត់ឡើងវិញនៅត្រឹម ៨,៨៨ លានដុល្លារក្នុងត្រីមាសទីមួយ ក្នុងឆ្នាំ ២០២៤ ។ បើនិយាយពីក្នុងបរិបទរបស់កម្ពុជា បំណុលចាស់សំដៅទៅលើបំណុលដែលបានកម្ចីកាលពីមុនឆ្នាំ ១៩៩៣។ ហើយបំណុលចាស់ភាគច្រើនត្រូវបានដោះស្រាយជាមួយដៃគូរួចរាល់ហើយ ចំណែកឯខ្លះទៀតក៏បានសងវិញរួចទាំងស្រុងដែរ ខណៈ ខ្លះទៀតបាននឹងកំពុងតែសងវិញ ដោយផ្អែកលើកិច្ចព្រមព្រៀងកំណត់ពេលវេលាឡើងវិញ។

ពាក់ព័ន្ធ​នឹង​បំណុល​ចាស់​ដែល​នៅ​សេសសល់ រដ្ឋាភិបាល​បាន​នឹង​កំពុង​ប្រឹងប្រែង ​ស្វែងរក​ដំណោះស្រាយ​ច្បាស់លាស់​ជាមួយ​ដៃគូហើយ។

ចំពោះលទ្ធផលបឋមនៃការវិភាគអំពីចីរភាពបំណុល បានបង្ហាញថា ទោះបីជាត្រូវបានរងផលប៉ះពាល់ដោយវិបត្តិជម្ងឺ កូវីដ-១៩ និងកត្តាខាងក្រៅផ្សេងទៀតក៏ដោយ ក៏ប៉ុន្តែស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែរក្សាបាននូរ «ចីរភាព» និង «ហានិភ័យកម្រិតទាប» នៃវិបត្តិបំណុលដដែល។

លើសពីនេះ សូចនាករបំណុលសំខាន់ៗទាំងអស់ក្នុងឆ្នាំ២០២៤ ដែលបានបង្ហាញគឺមានកម្រិតទាបជាងកម្រិតមួយដែលបានកំណត់ ជាមួយនឹងតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ ហើយការធានាជាសាធារណៈចំពោះបំណុលខាងក្រៅ ទៅនឹង GDP ឱ្យនៅត្រឹម ១៩ភាគរយ បើធៀបទៅនឹង ៤០ ភាគរយនៃកម្រិតដែលបានកំណត់នោះ៕

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម