ភូមិខ្មែរមួយចំនួន ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រុងចម្រើន និង ទឹកភ្លៀង ក្នុងពិធី “ហែរអ្នកតា”
ប្រជាជនខ្មែររាប់ពាន់នាក់ក្នុងភូមិមួយ កាលពីថ្ងៃអង្គា បានចូលរួមប្រារព្ធពិធី អរព្រះគុណចំពោះអារក្ស អ្នកតា តាមប្រពៃណីដ៏កម្រមួយ ដើម្បីបួងសួងសុំសេចក្តីសុខ សុំទឹកភ្លៀង និងសេចក្តីចម្រុងចម្រើន ក្នុងគោលបំណងរក្សាប្រពៃណីបុរាណនេះ

បោះពុម្ពនៅថ្ងៃ:
ពុធ, ១២ មិថុនា ២០២៤ ០៦:២០ - ០៦:២០(GMT+7)
អាប់ដេតនៅថ្ងៃ:
ព្រហស្បតិ៍, ១៣ មិថុនា ២០២៤ ០៥:១០ - ០៥:១០(GMT+7)
~ ២ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ដោយ ជាង សុផេង Associated Press
ប្រែសម្រួលជាខេមរភាសាដោយ សេង ម៉េងហេង
ភូមិបឹង ប្រទេសកម្ពុជា (AP) — ដែលគេស្គាល់ជាភាសាខ្មែរថា "ហែរអ្នកតា" ពិធីនេះត្រូវបានប្រារព្ធឡើង នៅក្នុងភូមិបឹងប្រហែល ២៥ គីឡូម៉ែត្រ (១៦ ម៉ាយ) ភាគពាយព្យនៃរាជធានីភ្នំពេញ។ បុរសវ័យក្មេងបានគូរពណ៌នៅលើមុខពីរឿងព្រេងនិទាន និងដងខ្លួនរបស់ពួកគេ ហើយ ស្លៀកពាក់ជាទម្រង់ផ្សេងៗ និងស្លៀកសំពត់ធ្វើពីស្មៅ ខណៈដែលស្ត្រីវ័យក្មេងស្លៀកពាក់ប្រពៃណី។
ប្រជាជនកម្ពុជាភាគច្រើនជាពុទ្ធសាសនិក ប៉ុន្តែក៏មានប្រជាជនខ្លះទៀត មានជំនឿលើវិញ្ញាណអារុក្ខអារក្សអ្នកតាផងដែរ ដោយអ្នកទាំងនោះជំនឿជឿថា វិញ្ញាណអាចរស់នៅបានគ្រប់ប្រភេទនៃវត្ថុមានជីវិត និងគ្មានជីវិត។
ពិធីដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា មានការប្រារព្ធទាំងពីនៅសម័យបុរាណមកម្លេះ ប៉ុន្តែឥឡូវកម្រមានអ្នកប្រាព្ធពិធីនេះណាស់ តែទោះបីជាយ៉ាងណាក៏ដោយ ភូមិបឹងបានប្រារព្ធពិធីនេះជាច្រើនរយឆ្នាំមកហើយមកដល់បច្ចុប្បន្ន។

លោក សែម ប៉ុម អាយុ ៣៥ឆ្នាំ បាននិយាយថា «ពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីខ្ញុំកើតមក។»
អ្នកភូមិទាំងចាស់ទាំងក្មេង ប្រមូលផ្តុំគ្នាប្រហែល ៣ គីឡូម៉ែត្រ (១.៨ ម៉ាយ) ពីអាស្រមអារក្សអ្នកតា។ ដោយមានការប្រគុំភ្លេងប្រពៃណី ក្រុមខ្លះដើរ អ្នកខ្លះជិះសេះទៅកន្លែងនោះ។
នៅឯទីសក្ការៈ អ្នកភូមិបានអុជធូប និងប្រគេនផ្លែឈើ អាហារ ភេសជ្ជៈ និងស្រាសរ ជាច្រើនមុខ ព្រមទាំងបួងសួងសុំសេចក្តីសុខ ទឹកភ្លៀង ភាពចម្រុងចម្រើន និងការពារជំងឺនានាមកលើសហគមន៍ទាំងមូល។ ពិធីបញ្ចប់នៅពាក់កណ្តាលថ្ងៃដោយការប្រស់ទឹកមន្ដដល់អ្នកចូលរួមទាំងអស់គ្នា។

លោក ម៉េត សុខគ្រី ជាងដែក អាយុ៣០ឆ្នាំ ដែលលាបមុខ និងដងខ្លួន ដូចវិញ្ញាណ និងគ្រោងសម្លៀកបំពាក់ដោយស្លឹកឈើ បាននិយាយថា គាត់សុំពេលសម្រាកពីការងារ ដើម្បីប្រារព្ធពិធីនេះ។
លោក សុខគ្រី បាននិយាយថា «នៅពេលខ្ញុំសុំឈប់សម្រាកពីមេ ខ្ញុំបានប្រាប់គាត់ថា ពិធីថ្ងៃនេះមានសារៈសំខាន់សម្រាប់ខ្ញុំ ដូច្នេះទោះបីជាគាត់មិនអនុញ្ញាតឲ្យខ្ញុំឈប់សម្រាកក៏ដោយ ក៏ខ្ញុំឈប់សម្រាកដែរ។»
ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្ម នេសាទ និងព្រៃឈើ ហើយប្រជាជនកម្ពុជាជាង ៦០ ភាគរយ រស់នៅជនបទ។ ពិធីនេះត្រូវនឹងរដូវមូសុង ខណៈដែលកសិកររៀបចំសម្រាប់ការដាំស្រូវ ដែលជាដំណាំមួយ ក្នុងចំណោមដំណាំដែលប្រើទឹកខ្លាំងបំផុត។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសកម្ពុជាបាននាំចេញអង្ករជាង ៦៥៦.០០០ តោនកាលពីឆ្នាំមុន កើនឡើង ៣ ភាគរយ ពីឆ្នាំ ២០២២។
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។