អាជ្ញាធរសន្យាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ត្រឹមពាក់កណ្តាលឆ្នាំ២០៣០ ខណៈមនុស្ស៨០០នាក់ស្លាប់នៅឆមាសទីមួយឆ្នាំ២០២៤
គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤នេះ មានប្រជាជនជិត ៨០០ នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។ នៅចំពោះមុខបញ្ហានេះអាជ្ញាធរប្តេជ្ញាថានឹងខិតខំរឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅត្រឹមពាក់កណ្តាលឆ្នាំ ២០៣០។


បោះពុម្ពនៅថ្ងៃ:
សុក្រ, ១៩ កក្កដា ២០២៤ ០១:០១ - ០១:០១(GMT+7)
អាប់ដេតនៅថ្ងៃ:
សុក្រ, ១៩ កក្កដា ២០២៤ ០២:៤៩ - ០២:៤៩(GMT+7)
~ ២ នាទីអាន
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ប្រែសម្រួលជាខេមរភាសាដោយ សាន សុម៉ានីតា
ប្រជាជនជិត ៨០០ នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤នេះ ដោយអាជ្ញាធរបានសន្យាថានឹងពង្រឹងច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពាក់ត្រឹមកណ្តាលឆ្នាំ ២០៣០ ។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលបានកត់ត្រាសរុបមានចំនួន ១៥២០ករណី ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ១ភាគរយ បើធៀបទៅនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ ប៉ុន្តែចំនួនអ្នកស្លាប់បានកើនឡើង ៥ ភាគរយ ពីចំនួន ៧៩៣ នាក់នៅចន្លោះខែមករាដល់ខែមិថុនានៅឆ្នាំ ២០២៣។
នៅក្នុងរបាយការណ៍ដដែលក៏បានបន្ថែមទៀតថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥២០លើក មានមនុស្សចំនួន ២១១៦នាក់បានរងរបួស ហើយ៧៥ភាគរយនៃចំនួនសរុប នៃគ្រោះថ្នាក់គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូ។ បើគិតត្រឹមខែកុម្ភៈឆ្នាំ២០២៤ ចំនួនយានយន្តដែលបានចុះបញ្ជីមានចំនួន ៧៣៥១៩០៦ គ្រឿង ក្នុងនោះ ៦២៤៤០៩៦ គឺជាម៉ូតូ។
ក្នុងរបាយការណ៍នេះបាននិយាយថា៖ «វាបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់គ្រួសាររបស់អ្នកស្លាប់ និងសង្គម»។
កាលពីថ្ងៃទី១៧ ខែកក្កដានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផ្សេងទៀត បានប្តេជ្ញារៀបចំសេចក្តីព្រាងច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីបន្ថែមមាត្រាដែលពង្រឹងច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០ភាគរយ នៅក្នុងឆ្នាំ២០៣០។
ដោយការរៀបចំសេចក្តីព្រាងច្បាប់ថ្មីនេះ នឹងស្របទៅតាមវឌ្ឍនភាពរបស់កម្ពុជា និងជួយរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទន្ទឹមនឹងការចូលរួមក្នុងការអនុវត្តផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលដោយអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយចំនួនអ្នករបួស និងអ្នកស្លាប់។
លោក គង់ រតនៈ អ្នកជំនាញសុវត្ថិភាពចរាចរណ៍បានកត់សម្គាល់ថា ទោះបីជាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ដោយ ក៏បញ្ហានេះនៅតែជារឿងដ៏គួរឱ្យបារម្ភ។ លោកបានបន្ថែមទៀតថា ជាមធ្យមមនុស្សពី ៤ ទៅ ៥ នាក់បានស្លាប់ក្នុងមួយថ្ងៃដោយគ្រោះថ្នាក់ចរាចរណ៍។ ទោះជាយ៉ាងនេះក្តី លោកក៏បានកត់សម្គាល់ថា នេះជាការថយចុះ បើធៀបទៅនឹងកាលពី១០ឆ្នាំមុន ដែលជាមធ្យមមានពី៥ទៅ៦នាក់ក្នុងមួយថ្ងៃ។
លោកក៏បាននិយាយទៀតថា៖«ទោះបីជាមានការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងអ្វីដែលយើងចង់បាន គឺយើងនៅមិនទាន់ទទួលបាននៅឡើយទេ ព្រោះចំពោះខ្ញុំ នេះនៅតែជាបញ្ហ ដូច្នេះប្រជាជនគ្រប់រូបគួរតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ គឺជារឿងដែលមិនគួរកើតឡើង ព្រោះវាជារឿងដែលយើងអាចទប់ស្កាត់បាន ប៉ុន្តែក៏ទាមទារឲ្យប្រជាពលរដ្ឋគោរពច្បាប់ឲ្យបានត្រឹមត្រូវផងដែរ ដើម្បីកាត់បន្ថយវា»។
«លើសពីនេះ យើងជាប្រទេសមួយដែលមានច្បាប់ ដូច្នេះយើងទាមទារឱ្យប្រជាជនគ្រប់រូបគោរពច្បាប់ ដើម្បីដោះស្រាយនៅពេលដែលយើងមានបញ្ហា ប៉ុន្តែបើសួរខ្ញុំថា តើការអនុវត្តច្បាប់មានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឬអត់?»។
លោក រតនៈ បន្ថែមថា វាគឺជាគន្លឹះដែលសាធារណជនត្រូវតែគោរពច្បាប់ និងច្បាប់ចរាចរណ៍ ហើយចូលរួមចំណែកទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។