សេដ្ឋកិច្ច

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត តម្លៃ៤,២ពាន់លានដុល្លាររំពឹងជំរុញសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា

អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងអាចទាក់ទាញភ្ញៀវទេសចរពីភ្នំពេញទៅសៀមរាបបានកាន់តែច្រើន ស្របពេលដែលការជួយដល់សេដ្ឋកិច្ច គឺតាមរយៈការផ្តល់មធ្យោបាយដឹកជញ្ជូនទំនិញទៅ មកព្រំដែនថៃឱ្យបានកាន់តែលឿន និងមានភាពងាយស្រួល

The $4.2 billion Phnom Penh-Siem Reap-Poipet Expressway sample plan. Kiripost/supplied

Meas-Molika

មាស ម៉ូលីកា

&

បោះពុម្ព​នៅថ្ងៃ​:

ពុធ, ១៧ កក្កដា ២០២៤ ០៨:២៦ - ០៨:២៦(GMT+7)

អាប់ដេតនៅថ្ងៃ:

ពុធ, ១៧ កក្កដា ២០២៤ ១០:៣៤ - ១០:៣៤(GMT+7)

~ ៣ នាទីអាន


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


ប្រែសម្រួលជាខេមរភាសាដោយ សាន សុម៉ានីតា

យោងតាមអ្នកជំនាញសេដ្ឋកិច្ច ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលចំណាយអស់ថរិកា ៤,២ពាន់លានដុល្លារ ត្រូវបានរំពឹងថានឹងជួយជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់កម្ពុជា ស្របពេលដែលវាក៏ជំរុញឱ្យវិនិយោគកើនឡើងផងដែរ។

ការសាងសង់ផ្លូវល្បឿនលឿននេះ ចែកចេញជាពីរដំណាក់កាល។ ដំណាក់​កាល​ទី​១ មាន​ប្រវែង​២៤៩​គីឡូម៉ែត្រ ​ពី​ភ្នំពេញ​-​សៀមរាប ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ ២,៥​ពាន់​លាន​ដុល្លារ។ ដំណាក់កាល​ទី​២ គឺពី​កំណាត់​ផ្លូវ​សៀមរាប​-​ប៉ោយ​ប៉ែ​ត​ប្រវែង​១៥១​គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកាអស់​ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ ។

ចំពោះប្រវែងផ្លូវសរុបមានប្រវែងប្រមាណ ៤២០គីឡូម៉ែត្រ ដោយចាប់ផ្តើមពីមហាវិថី ឈ្នះ-ឈ្នះ ក្នុងរាជធានីភ្នំពេញ និងបញ្ចប់នៅត្រឹមព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានតំបន់ឈប់សម្រាក និងសេវាកម្មចំនួនប្រាំពីរ ផ្លូវបង្វែរចរាចរណ៍ និងចំណតរថយន្តជាច្រើនទៀត។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតនេះ គឺជាគម្រោងទ្រង់ទ្រាយធំដែលរដ្ឋាភិបាលគ្រោងធ្វើឡើងដើម្បីកែលម្អស្ថានភាពចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងភស្តុភារទៅកាន់ទីតាំងប្រវត្តិសាស្ត្រសំខាន់ៗរបស់កម្ពុជា ក៏ដូចជាទៅកាន់ព្រំដែនថៃផងដែរ។

The $4.2 billion Phnom Penh-Siem Reap-Poipet Expressway sample plan. Kiripost/Supplied
The $4.2 billion Phnom Penh-Siem Reap-Poipet Expressway sample plan. Kiripost/Supplied

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានបញ្ចប់ការសិក្សាគម្រោង ចរន្តចរាចរណ៍ ការស្ទង់មតិធនធានជលសាស្ត្រ និងភូមិសាស្ត្រ ក៏ដូចជាការសិក្សាអំពីវត្ថុបុរាណ និងធនធានធម្មជាតិ។ លើសពីនេះ ក្រុមហ៊ុននេះបាននិងកំពុងសិក្សា រៀបចំ បូកសរុប និងវាយតម្លៃការសន្និដ្ឋាន ហើយនឹងគ្រោងនឹងដាក់ជូនរដ្ឋាភិបាលនាពេលខាងមុខនេះ។

ក្រុមហ៊ុន CRBC ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យវិនិយោគលើការសាងសង់គម្រោងនេះ ដោយសារក្រុមហ៊ុនមានបទពិសោធន៍ និងមានការទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ។ ជាក់ស្តែងក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហើយបាននឹងកំពុងវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់គិរីផូសថា ចាំបាច់ត្រូវតែមានការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដើម្បីកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើដំណើរ។ លោកបានបន្ថែមទៀតថា វាក៏នឹងជួយជំរុញទេសចរណ៍ក្នុងស្រុក ទាក់ទាញការវិនិយោគកាន់តែច្រើន និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោកបាននិយាយទៀតថា៖«រដ្ឋាភិបាលគ្រាន់តែជួយចូលរួមចំណែកក្នុងការដោះស្រាយហានិភ័យមួយចំនួនជាមួយក្រុមហ៊ុនប៉ុណ្ណោះ ប៉ុន្តែចំពោះប្រតិបត្តិការ និងដំណើរការសាងសង់ទាំងមូលដែលប្រើប្រាស់ថរិកាអស់ ៤,២ ពាន់លានដុល្លារនោះ គឺជាថវិការបស់ក្រុមហ៊ុន។ ដូច្នេះ យើង​មិន​មាន​ការ​ខាត​បង់អ្វីនោះ​ទេ នោះ​មាន​ន័យ​ថា កម្ពុជា​នឹងទទួល​បាន​ផ្លូវដ៏​ល្អមួយ»។

«ផ្លូវល្បឿនលឿននេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយការចំណាយច្រើនទាំងពេលវេលា និងថវិកាលើការធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប។ ហើយ​ប្រជាជន​នឹងមានការ​ចំណាយ​តិច​ជាង​ពីមុន នៅពេលដែល​ពួកគេ​ចង់​ទៅ​លេង​ខេត្ត​សៀមរាប ដូច​គ្នា​ទៅនឹង​ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុដែរ ​ដោយការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿននេះ»។

The $4.2 billion Phnom Penh-Siem Reap-Poipet Expressway sample plan. Kiripost/Supplied
The $4.2 billion Phnom Penh-Siem Reap-Poipet Expressway sample plan. Kiripost/Supplied

ជាងនេះទៅទៀត តាមរយៈផ្លូវល្បឿនលឿននៅកម្ពុជា ត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកកាន់តែច្រើន។ ឧទាហរណ៍ថា អ្នក​នៅ​ភ្នំពេញ​ដែល​ចង់​ទៅ​លេង​ខេត្ត​សៀមរាប​អាច​ទៅលេង​បាន​ដោយ​ចំណាយ​ពេលវេលា​តិច​ក្នុង​ការ​ធ្វើ​ដំណើរ។

លោក ហុង វណ្ណៈ បាន​ថ្លែង​ថា​៖ «សៀមរាប​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដែល​មាន​កំណើន​ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង​ជាពិសេស​គឺ​វិស័យ​ទេសចរណ៍នៅ​ក្នុង​ស្រុក​»។

អ្នកជំនាញសេដ្ឋកិច្ចក៏បានព្យាករណ៍ថា ក្រុមហ៊ុនដឹកជញ្ជូននឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងផ្លូវល្បឿនលឿននេះ ដោយសារពួកគេអាចមានភាពងាយស្រួលក្នុងការចេញចូលទៅខេត្តផ្សេងទៀតដែលនៅជិតក្រុងសៀមរាប និងក្រុងប៉ោយប៉ែត ដូចជាខេត្តបន្ទាយមានជ័យ និងកំពង់ធំ។

លោក ហុង វណ្ណៈ ក៏បាននិយាយទៀតថា​៖«ការដឹកជញ្ជូនទំនិញពីទីក្រុងភ្នំពេញទៅកាន់គោលដៅសក្តានុពលផ្សេងទៀតអាចនឹងមានភាពងាយស្រួលជាង។ ដូច្នេះ ក្រុមហ៊ុន​ដឹកជញ្ជូន​អាច​ពិចារណា​លើ​ការ​ដឹកជញ្ជូនទំនិញ​របស់​ពួកគេ​តាមរយៈ​ផ្លូវ​ល្បឿន​លឿន​បាន»។

លោកក៏បានប៉ាន់ប្រមាណថា ការបង្កើតផ្លូវល្បឿនលឿនថ្មីនេះ នឹងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកម្ពុជា ដោយសារការដឹកជញ្ជូនកាន់តែលឿន ហើយវាងាយស្រួលសម្រាប់អ្នកវិនិយោគក្នុងការកំណត់តំបន់ជាក់លាក់ណាមួយសម្រាប់ការអភិវឌ្ឍន៍៕

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានកំពូលរបស់យើងបានផ្ញើដោយផ្ទាល់ទៅប្រអប់សំបុត្ររបស់អ្នក។

ព័ត៌មាន​បន្ថែម

ព័ត៌មានដែលទាក់ទង

ព័ត៌មាន​បន្ថែម